BREAKING NEWS

លោកត្រាំ បង្ហោះសារគាំទ្រក្រុមបាតុករអុីរ៉ង់ ដែលថ្កោលទោសរដ្ឋាភិបាលតេហេរ៉ង់ ជុំវិញការបាញ់ទម្លាក់យន្ដហោះអ៊ុយក្រែន ដោយអចេតនា

Spread the love

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយនៅលើ Twitter ដោយបង្ហាញការគំាទ្រដល់ក្រុមបាតុករអ៉ីរ៉ង់ ដែលកំពុងធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ដែលបានទទួលស្គាល់ថាខ្លួនគឺជាអ្នកបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន ផ្ដាច់ជីវិតមនុស្សទាំងអស់១៧៦នាក់ ដោយអចេតនា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០។

នៅក្នុងសារបង្ហោះលើ Twitter នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖ «ជូនចំពោះប្រជាជនអ៉ីរ៉ង់ដ៏ក្លាហាន និងកំពុងរងការឈឺចាប់អស់រយៈពេលជាយូរណាស់មកហើយ៖ ខ្ញុំបានឈរនៅជាមួយពួកអ្នក តាំងតែពីការចាប់ផ្ដើមនៃអាណត្តិជាប្រធានាធិបតីរបស់ខ្ញុំមកម្លេះ ហើយរដ្ឋបាល របស់ខ្ញុំ នឹងបន្តគាំទ្រ និងឈរនៅជាមួយអ្នក។ យើងកំពុងតាមដានបាតុកម្មតវ៉ារបស់អ្នកយ៉ាងយកចិត្តទុកដាក់»។ លើសពីនេះទៅទៀត នៅក្នុងសារមួយដាច់ដោយឡែក លោកប្រធានាធិបតីអាមេរិកក៏បានព្រមានទុកជាមុនផងដែរ កុំឱ្យអាជ្ញាធរអ៉ីរ៉ង់សម្លាប់រង្គាលក្រុមបាតុករតវ៉ាដោយសន្តិវិធីជាថ្មី ឬបិទអ៉ិនធើណិត ខណៈពិភពលោកកំពុងតាមមើល អ៉ីរ៉ង់។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ក្រុមបាតុករបានប្រមូលផ្ដុំគ្នា នៅខាងក្រៅច្រកទ្វារសាកលវិទ្យាល័យ Amir Kabir University ស្ថិតនៅក្បែរអតីតស្ថានទូតអាមេរិក ប្រចាំទីក្រុងតេហេរ៉ង់ ដើម្បីថ្កោលទោស រដ្ឋាភិបាល និងអាជ្ញាធរអ៉ីរ៉ង់ ដែលធ្លាប់កុហុកថាយន្ដហោះដឹកអ្នកដំណើរខាងលើធ្លាក់ដោយសារបញ្ហាបច្ចេកទេស។ នៅក្នុងវីដេអូមួយ បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ក្រុមបាតុករមួយចំនួន ក៏បានស្រែកទាមទារឱ្យមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ចុះចេញពីតំណែងផងដែរ ហើយយកអ្នកទទួលខុសត្រូវលើការបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន មកកាត់ទោសតាមផ្លូវច្បាប់។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ អាជ្ញាធរប៉ូលិសបានបំបែក ហ្វូងបាតុករ ដែលព្យាមយាមចូលទៅក្នុងសាកលវិទ្យាល័យ និងបិទផ្លូវសំខាន់ៗ។ ប៉ុន្តែ មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកត្រូវចាប់ខ្លួន ឬអ្នកស្លាប់ និងអ្នករងរបួសនៅឡើយទេ។

យន្តហោះ Boeing 737 នៃក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ដែលមានគោលដៅហោះហើរពីទីក្រុងតេហេរ៉ង់ ទៅកាន់ទីក្រុងកៀវប្រទេសអ៊ុយក្រែន បានធ្លាក់នៅ វេលាព្រឹកព្រហាមថ្ងៃពុធ ហើយវាមានផ្ទុកពលរដ្ឋអ៉ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់, អ៊ុយក្រែន ១១នាក់, ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ០៤នាក់, អាល្លឺម៉ង់ ០៣នាក់, និងអង់គ្លេស ០៣នាក់។ គ្រោះថ្នាក់នេះបានកើតឡើងតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ ក្រោយអ៉ីរ៉ង់បាញ់មីស៊ីល ១៥គ្រាប់ លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកឱ្យលោកមេទ័ព សូឡៃមេនី (Soleimani) ដែលត្រូវបានអាមេរិក សម្លាប់នៅទីក្រុងបាកដាដប្រទេសអ៉ីរ៉ាក់៕ FreshNews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*