កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មន្រ្តីជំនាញនៃក្រសួងកសិកម្មបានបញ្ជាក់ឱ្យដឹងថា ដំណាំកសិកម្មរបស់កម្ពុជាមិនអាចប្រកួតប្រជែងជាមួយដំណាំនៃប្រទេសជិតខាង រួមមាន ថៃ និង វៀតណាមបាននោះទេ។ ការមិនអាចប្រកួតប្រជែងបាននេះ គឺដោយសារតែនៅកម្ពុជា អ្វីៗសុទ្ធតែថ្លៃជាងប្រទេសទាំងអស់នោះ។ ការអះអាងនេះ ធ្វើឡើងស្របពេលដែលដំណាំផ្សេងៗរបស់កម្ពុជាមិនទាន់មានទីផ្សារទូលំទូលាយដូចថៃ និង វៀតណាម។
លោកងិន ឆាយ ប្រតិភូរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មបានលើកឡើងថា នៅកម្ពុជា គេអាចដាំដំណាំអ្វីក៏បានដូចនៅប្រទេសថៃ និង វៀតណាមដែរ ប៉ុន្តែមិនអាចរកផលចំណេញបានច្រើនដូចប្រទេសជិតខាងឡើយ។ នេះ គឺដោយសារតែលោកថា នៅកម្ពុជាអ្វីៗសុទ្ធតែថ្លៃ ដូចយ៉ាង ទឹក ភ្លើង ប្រេង ក៏ដូចជាការដឹកជញ្ជូនជាដើម គឺថ្លៃជាងនៅប្រទេសថៃ និង វៀតណាម។ ដូច្នេះហើយ ដំណាំរបស់កម្ពុជាមិនអាចប្រកួតប្រជែងទីផ្សារជាមួយដំណាំនៅថៃ និងវៀតណាមនោះទេ។
លោកងិន ឆាយ បានបង្ហាញឱ្យដឹងដូច្នេះនៅក្នុងសិក្ខាសាលាមួយស្តីពីវិធីសាស្រ្តក្នុងការវិភាគថ្នាំពុលកសិកម្មក្នុងផលិតផលកសិកម្ម និងអាហារតាមរយៈម៉ាស៊ីន GC និង MS ដែលរៀបចំឡើងដោយក្រុមហ៊ុនX-Lab នៅព្រឹកថ្ងៃសុក្រ ទី១០ មករានេះ។ ក្រៅពីបញ្ហាតម្លៃដើមថ្លៃជាងប្រទេសជិតខាងនេះ លោកងិន ឆាយ ក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរពីបញ្ហារបាំងបច្ចេកទេស។ របាំងបច្ចេកទេសដែលលោកបានលើកឡើងថា នៅប្រទេសថៃ និង វៀតណាម មានគ្រប់ច្រកល្ហកទាំងអស់។ ប៉ុន្តែ នៅប្រទេសកម្ពុជាវិញ មិនមានដូចគេនោះឡើយ។ តែទោះជាបែបនេះក្តី លោកថា បញ្ហានេះ រដ្ឋាភិបាលកម្ពុជានឹងពង្រឹងនាពេលខាងមុខ។
សូមបញ្ជាក់ថា បញ្ហាដំណាំកសិកម្មកម្ពុជានេះ ជាពិសេសបន្លែ និង ផ្លែឈើ គឺជាបញ្ហារសើបនិងរងការរិះគន់ពីមជ្ឈដ្ឋានទូទៅ។ ប្រជាពលរដ្ឋខ្មែរខ្លះបានសម្តែងការព្រួយបារម្ភពីការហូរចូលនូវបន្លែ ផ្លែឈើជាច្រើនរយតោនក្នុងមួយថ្ងៃៗពីប្រទេសវៀតណាម ខណៈដំណាំនៅក្នុងស្រុកមិនសូវមានទីផ្សារ។ កម្ពុជាបានចំណាយលុយមិនក្រោម២០០លានដុល្លារទេក្នុងមួយឆ្នាំៗ ដើម្បីនាំចូលបន្លែ និង ផ្លែឈើពីប្រទេសជិតខាង ៕
Be the first to comment