ភ្នំពេញ — លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង នៅព្រឹកថ្ងៃពុធនេះ បានប្រាប់ទៅទៅអង្គជំនុំជម្រះថា វីដេអូដែលតុលាការយកធ្វើជាភស្តុតាងក្នុងការចោទប្រកាន់លោកថា «ក្បត់ជាតិ» ជាវីដេអូកាត់ត ហើយលោកបានប្រគល់វីដេអូពេញជាងមួយម៉ោង ដោយស្នើឲ្យមានការបញ្ចាំង។
ក្នុងបន្ទប់សវនាការនៅព្រឹកថ្ងៃពុធនេះ តុលាការបានបង្ហាញវីដេអូដំបូងបង្អស់ ដែលលោក កឹម សុខា បានថ្លែងកាលពីឆ្នាំ២០១៣ថា អាមេរិកបានគាំទ្ររូបលោក កឹម សុខា និងបានផ្តល់គំនិតដល់រូបលោកសម្រាប់ការបង្កើតអង្គការសង្គមស៊ីវិល និងការងារនយោបាយ។ វីដេអូនេះត្រូវបានរដ្ឋាភិបាលប្រើប្រាស់ជាភស្តុតាងក្នុងការចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទថា ប្រព្រឹត្តអំពើក្បត់ជាតិ ប៉ុនប៉ុងផ្តួលរំលំរដ្ឋាភិបាល។
ក្រោយបញ្ចាំងវីដេអូដែលមានរយៈពេលពីរទៅបីនាទីនេះ លោក កឹម សុខា បានថ្លែងថា៖ «ខ្ញុំបដិសេធវីដេអូនេះ មិនអាចធ្វើជាភស្តុតាងអង្គហេតុចោទប្រកាន់ខ្ញុំទេ»។
លោកបន្ថែមថា៖ «មិនមែនជាវីដេអូរបស់ខ្ញុំទេ តែជាសំឡេង និងរូបខ្ញុំ ហើយមិនពេញលេញ ហើយមានការកាត់ត ជាកង់ៗ។ សូមឲ្យតុលាការធ្វើកោសល្យវិច្ច័យជាមុនសិន ប្រភពពីណា នរណាកាត់ត។ ខ្លឹមសារពិតដែលខ្ញុំបាននិយាយជាសាធារណៈកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ បំណងគឺថ្លែងអំណរគុណ និងជម្រាបពីស្ថានភាពនយោបាយនៅប្រទេសកម្ពុជា និងគោលចំហររបស់ខ្ញុំ មិនមានផែនការណាមួយ ដែលខ្ញុំចង់ធ្វើការផ្តួលរំលំរដ្ឋាភិបាលនោះទេ»។
លោក កឹម សុខា បានទាមទារឲ្យតុលាការចាក់បញ្ចាំងវីដេអូជាងមួយម៉ោង ដែលលោកបានដាក់ក្នុងអង្គចងចាំ ហើយដកចេញពីហោប៉ាវរបស់លោក ហុចឲ្យមន្រ្តីតុលាការ។
ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះ ចៅក្រម កូយ សៅ បានសួរលោក កឹម សុខា ថាហេតុអ្វីបានជាចង់ឲ្យចាក់វីដេអូជាងមួយម៉ោងនេះ។ លោក កឹម សុខា បានថ្លែងទៅចៅក្រមជំនុំជម្រះថា៖ «វីដេអូ វាសំខាន់ណាស់ បើមិនចាក់ទេ សវនាការនេះមិនអាចរកយុត្តិធម៌បានទេ»។ ក្រោយពីមានការទាមទារនោះ តុលាការមិនទាន់មានការសម្រេចយ៉ាងណាទេ។
មេធាវីតំណាងរដ្ឋាភិបាល គឺ លោក គី តិច ដែលធ្លាប់ការពារក្តីឲ្យក្រសួងមហាផ្ទៃរំលាយគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៧ បានលើកឡើងអំពីមូលហេតុមិនទាន់ឲ្យតុលាការចាក់បញ្ចាំងវីដេអូ ភ្លាមៗ ដោយបារម្ភថា វីដេអូនោះអាចនឹងធ្វើឲ្យកំព្យូទ័ររបស់តុលាការផ្ទុះ បាត់បង់ឯកសារ និងលើកឡើងថា ក្រុមមេធាវីរបស់លោក កឹម សុខា មិនបានដាក់វីដែអូនោះជាភស្តុតាងតាំងពីដំបូង។
តុលាការបានបញ្ជាឲ្យក្រុមមេធាវីរបស់លោក កឹម សុខា ដាក់ឯកសារជាលាយលក្ខណ៍ពាក់ព័ន្ធនឹងវីដេអូជាងមួយម៉ោងនេះ ហើយបញ្ជូនទៅតុលាការឲ្យបានត្រឹមថ្ងៃទី២០ ខែមករា មុននឹងតុលាការសម្រេចថានឹងបញ្ចាំងនៅពេលណា។
នៅព្រឹកថ្ងៃពុធនេះ លោក កឹម សុខា បានបង្ហោះសារតាមហ្វេសប៊ុករបស់លោក ដោយលើកឡើងថា៖ «ខ្ញុំមិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមកប្រទូសរ៉ាយ ឬឈ្លានពានព្រះរាជាណាចក្រកម្ពុជាឡើយ»។
នៅក្នុងសវនាការនោះ មេធាវីរបស់រដ្ឋាភិបាល ដែលមានលោក គី តិច ជាប្រធាន ក៏បានស្នើកុំឲ្យនិយាយឈ្មោះប្រទេសណាមួយនៅក្នុងសវនាការជំនុំជម្រះ ដោយលោកបានលើកឡើងថា កុំឲ្យប៉ះពាល់ទំនាក់ទំនងកម្ពុជា និងប្រទេសនោះ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតជាមួយបរទេស ក្នុងគម្រោងមួយដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហៅថា«ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល»ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិកបានបដិសេធការចោទប្រកាន់នេះ។
ក្នុងពេលសវនាការរំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មេធាវីរបស់រដ្ឋាភិបាលបានប្រើប្រាស់វីដេអូឃ្លីបរបស់លោក កឹម សុខា ជាភស្តុតាងមួយក្នុងការរំលាយគណបក្សប្រឆាំងដ៏ ធំមួយនេះ។ មេធាវីរបស់រដ្ឋាភិបាលក៏បានលើកឡើងថា សហរដ្ឋអាមេរិកបានជួយជ្រោមជ្រែងគណបក្សសង្រ្គោះជាតិជាសម្ងាត់ក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
សវនាការជំនុំជម្រះលើលោក កឹម សុខា នឹងបន្តនៅរសៀលម៉ោង២កន្លះ ហើយនៅថ្ងៃព្រហស្បតិ៍បន្តទៀត។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ VOAកាលពីថ្ងៃអង្គារថា សវនាការជំនុំជម្រះលើលោក កឹម សុខា អាចប្រើរយៈពេលទៅដល់៣ខែ៕ VOA
Be the first to comment