ភ្នំពេញ៖ វិហារបុរណាខ្មែរមួយ ដែលមានអាយុកាលដល់ទៅ១៣៧៩ឆ្នាំ ក្នុងវត្ត «បិដកត្យារាម» នៅខេត្តព្រះត្រពាំង ទឹកដីខ្មែរកម្ពុជាក្រោម ត្រូវបានភ្លើងឆាបឆេះស្ទើរទាំងស្រុង កាលពីល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ បើតាមលោក ថាច់ ឡែន ប្រធានសហគមន៍ខ្មែរកម្ពុជា អគ្គិភ័យនេះ បានបង្កឱ្យខូចខាតព្រះពុទ្ធរូបជាច្រើន សម្ភារ និងវត្ថុ មានតម្លៃជាច្រើន។
មូលហេតុដែលបណ្តាលឱ្យមានភ្លើងឆាបឆេះអារាមដ៏ចំណាស់នេះ ត្រូវបានគេសង្ស័យថាឆ្លងចរន្តអគ្គិសនី ក្នុងកុដិមួយ ហើយបន្តឆេះរាលដាលកាន់តែខ្លាំង ទើបមានអន្តរាគមន៍ពីព្រះសង្ឃ និងពលរដ្ឋ។
បើតាមការចុះផ្សាយរបស់វិទ្យុសំឡេងខ្មែរកម្ពុជាក្រោម វត្តបិដកត្យារាមនេះ សាងសង់ពីឈើ ដំបូលប្រក់ដោយក្បឿងបុរាណ រនាបក្ដារធ្វើពីឈើ ជញ្ជាំងបាំងដោយក្តារនៅខាងក្នុង និងផ្នែកជាច្រើនទៀត តាមរចនាប័ទ្មខ្មែរពីបុរាណ។ វត្តនេះ ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី២ ក្នុងឆ្នាំ៦៤១គ.ស.។ គិតមកដល់ឆ្នាំ២០២០ វត្តនេះ មានអាយុកាល១ ៣៧៩ឆ្នាំ។ លោក ថាច់ ឡែន បញ្ជាក់ថា វត្តនេះ ពិតជាមានអាយុកាល១៣៧៩ឆ្នាំមែន៕ ThmeyThmey
Be the first to comment