BREAKING NEWS

ចិត្តខ្លាំងមែន! នាយករដ្ឋមន្ត្រីអ៊ុយក្រែន សុំលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីបែកធ្លាយសម្លេងលោកនិយាយរិះគន់ ប្រធានាធិបតីខ្លួនឯង

Spread the love

(កៀវ)៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក អូឡេកស៊ី ហុនឆារ៉ាក់ (Oleksiy Honcharuk) នាថ្ងៃសុក្រនេះបានប្រកាសពីការស្នើសុំលាលែងពីតំណែង ក្រោយមានការលេចធ្លាយសំឡេងកិច្ចសន្ទនាមួយ ដែលនៅក្នុងនោះលោកត្រូវបានគេស្តាប់លឺ និយាយរិះគន់លើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelensky)។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្រ្តីអ៊ុយក្រែនបានប្រកាសពីដំណឹងខាងលើ តាមរយៈបណ្តាញសង្គម Facebook។ លោក Honcharuk បានលើកឡើងថា «ដើម្បីកុំឲ្យមានការមន្ទិលសង្ស័យណាមួយ នៅក្នុងការជឿទុកចិត្ត ក៏ដូចជាការគោរពរបស់យើង ចំពោះលោកប្រធានាធិបតី ខ្ញុំបានសរសេរលិខិតសុំលាលែងពីតំណែងមួយច្បាប់ ហើយបានផ្ញើវាទៅកាន់លោកប្រធានាធិបតីរួចហើយ ដែលជាអ្នកមានសិទ្ធិប្រគល់បន្តទៅឲ្យសភា»។ រីឯ ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា លោក Zelensky បានទទួលលិខិតនេះហើយ ហើយលោកនឹងធ្វើការពិចារណា។

គួរជម្រាបថា ការប្រកាសលាលែងពីតំណែងរបស់លោក Honcharuk ត្រូវបានធ្វើឡើង បន្ទាប់ពីមានការលេចធ្លាយខ្សែអាត់សំឡេង កំឡុងកិច្ចប្រជុំមួយរវាងលោក Honcharuk ជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងក្រុមអ្នកតំណាងមកពីធនាគារជាតិអ៊ុយក្រែន។ ក្នុងខ្សែអាត់សំឡេងនោះ គេលឺលោក Honcharuk ថ្លែងពាក្យមួយចំនួន ដោយចាត់ទុកលោក Zelensky ជាបុគ្គលពុំសូវមានការយល់ដឹងអំពីសេដ្ឋកិច្ចប៉ុន្មានឡើយ ហើយលោកបានទាមទារឲ្យមានការរៀបចំ ដើម្បីផ្តល់ការបកស្រាយឲ្យបានក្បោះក្បាយ សម្រាប់លោក Zelensky ពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្ននៃរូបិយប័ណ្ណរបស់អ៊ុយក្រែន៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*