BREAKING NEWS

ជួយស៊ែរឲ្យកូនខ្មែរបានស្គាល់ផង! ប្រវត្ថិសម្ដេចពោធិសាលរាជ សឺន ឌៀប ជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ និងចៅហ្វាយខេត្តឃ្លាំង…

Spread the love

+ សម្ដេចពោធិសាលរាជ សឺន ឌៀប ជាអតីតចៅហ្វាយខេត្តឃ្លាំង ,ជាឧកញ៉ាយមរាជ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ និងក៏ជាមន្ត្រីចតុស្ដម្ភក្នុង ២រជ្ជកាលហ្លួងខ្មែរ គឺព្រះបាទនរោត្តម និង ហ្លួង សិរីសុវត្ថិ ។

– កើត ៖ នៅ ព.ស. ២៣៩៩ ដែលត្រូវនឹង គ.ស.១៨៥៥ នៅ ភូមិពងទឹកចាស់ ស្រុកពងទឹក ខេត្តឃ្លាំង ( បច្ចុប្បន្ន ភូមិភូមិពងទឹកចាស់ ឃុំញ៉ាមឡាង ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង ) ។

– បិតានាម ៖ លោក សឺន លក្ខណ៍
– មាតានាម ៖ នាង ពេជ្រ
– លោក សឺន ឌៀប មានបងប្អូនបង្កើត ៤ នាក់ ៖
១. លោកយាយ សឺន នួន
២. លោកយាយ សឺន នី
៣. លោកឧកញ៉ា សឺន គុយ
៤. លោក សឺន ឌៀប ។

– អាយុជាង១០ឆ្នាំ មាតាបិតានាំកុមារ សឺន ឌៀប ឲ្យទៅសិក្សាអក្សរសាស្រ្តខ្មែរនៅ ឯ វត្តពេជ្រមង្គល នាភូមិវត្តពេជ្រ ស្រុកជ្រោយញ ខេត្តពលលាវ ( ដែលបច្ចុប្បន្នភូមិវត្តពេជ្រ ឃុំវិញភឿក ទីរួមស្រុកវិញចូវ ខេត្តសុកត្រាំង ) អំពីសំណាក់ព្រះគ្រូចៅអធិការ ។
– ពេលឃើញកុមារ សឺន ឌៀប មាននិស្ស័យនឹងព្រះពុទ្ធសាសនា ឪពុកម្តាយរបស់លោក ក៏បានអនុញ្ញាតិឲ្យចូលបួសជាសាមណេរ ។ ពេលដែលបានបួសហើយ លោកបានបន្តការសិក្សា ភាសាបាលី នឹងភាសាបារាំង ។ ក្រោយមកក៏បានលាចាកសិក្ខាបទជាគ្រហស្ថវិញ ។ ពេលនោះលោកបានទៅសិក្សានៅមហាវិទ្យាល័យមួយនៅទីក្រុងព្រៃនគរ ដែលមានឈ្មោះថា College des Addministrateurs stagiaires deSaigon រួចក៏បានចូលធ្វើការជាមួយនឹងលោកសាស្ដ្រាចារ្យ អ៉ៃម៉ូនីញ៉េ ( Aymonier ) ជាជនជាតិបារាំង ( កើតឆ្នាំ១៨៤៤ ស្លាប់១៩២៩ ) ជាអ្នកស្រាវជ្រាវអក្សរសាស្រ្តបាលី សំស្រ្កឹត នៅឥណ្ឌូចិន ( ជាពិសេសនៅប្រទេសខ្មែរ ) ។
– នៅរវាងឆ្នាំ ១៨៧០ លោកបានទទួលតំណែងជាអ្នក បកប្រែភាសាក្នុងអំណាចអាណានិគមនិយមបារាំងសែស ប្រចាំប្រទេសកម្ពុជា ហើយលោកមានតួនាទីសំខាន់ ទាំងផ្នែកនយោបាយ នឹងការស្រាវជ្រាវក្នុងទសវត្សរ៍ចុងក្រោយនៃសតវត្សរ៍ ទី១៩ ។

– ចាប់ពីឆ្នាំ ១៨៦៣ ព្រះរាជាណាចក្រកម្ពុជា បានស្ថិតនៅក្រោមអាណានិគមនិយមបារាំង ហើយខេត្តនានានៅក្នុងដែនដីកូសាំងស៊ីន ( វៀតណាមខាងត្បូងសព្វថ្ងៃមានដូចជា មាត់ជ្រូក,ឃ្លាំង,ពលលាវ នឹងព្រះត្រពាំង។ល។ ) គឺឋិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋអំណាចនៅកូសាំងស៊ីន ជាហេតុនាំឲ្យមានទំនាស់វិបត្តិរវាងហ្លួង នរោត្តម នឹងរដ្ឋអំណាចបារាំង។
– ព្រឹត្តិការណ៍មួយដែលគួរនឹងលើកយកមកបញ្ជាក់នៅទីនេះផងដែរនោះគឺនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ១៨៨៤ លោក ឆាលី ថុំសុន ( Charles Thomson ) ទេសាភិបាលដែនដីកូសាំងស៊ីននៅ(ព្រៃនគរ)បានបញ្ជូនទាហ៊ានជើងទឹកមួយកងមានចំនួន១០០នាក់ មកចតកប៉ាល់នៅចតុម្មុខ និងបានចូលក្នុងព្រះបរមរាជវាំងទាំងកណ្ដាលអាធ្រាត្រវេលា ម៉ោង ១០ យប់ ។

ពេលនោះប្រតិភូបារាំងម្នាក់ បានបញ្ជាឲ្យដាស់ព្រះមហាក្សត្រ ព្រះបាទនរោត្តម ដែលកំពុងតែផ្ទុំលង់លក់ ហើយនោះឲ្យ តើនឡើង និងបារាំងបានបង្ខិតបង្ខំ ឲ្យហ្លួងចុះហត្ថលេខាលើអនុសញ្ញា នានា តាមទំនើងចិត្ត ។ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម បានប្រកែកមិនព្រមទទួល លោកទេសាភិបាលដោយយកលេសថាព្រះអង្គប្រឈួន ។ បារាំងបានកំញើញថា បើព្រះអង្គមិនយល់ព្រម ចេញជួបទេ គេនឹងនិរទេសព្រះអង្គទៅនៅប្រទេសអាល់ហ្សេរី ។ ព្រះអង្គត្រូវបានហ៊ុមពទ្ធ័ដោយនាយទាហ៊ាន និងមន្ត្រីបារាំងជាច្រើន រូប ក្នុងនោះមានលោក ហ្វ៊វែស នឹងលោក លូស ផងដែរ ។ ដោយពួគបារាំងទាំងនោះ បង្ហាញ កប៉ាល់ ដែលចតនៅពីមុខព្រះបរមរាជវាំងដើម្បីគម្រាមគំហែងព្រះអង្គ ។ ជាហេតុធ្វើឲ្យព្រះរាជា ទ្រង់យល់ព្រមឡាយព្រះហស្ថលេខាទាំងចុកចាប់ព្រះទ័យលើ អនុសញ្ញា ដែលបារាំងយកមកបង្ខំព្រះអង្គ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៨៨៤ ។

– តាមឯកសារប្រវត្តិសាស្រ្តរបស់ លោក អាដេម៉ា ឡឺក្លែរ ( Aldhemard LECLERE) ដែលក្រោយមក លោកបានទទួលដំណែងជារេស៊ីដង់ប្រចាំប្រទេសកម្ពុជា លោកបានសរសេរថា ព្រឹត្តិការណ៍ដែលកើតឡើងនោះ គឺដោយសារ កំហុសអ្នកបកប្រែភាសាបារាំងខុស ទៅវិញទេ លោកថា មានព្រឹត្តិការណ៍ដ៏គួរឲ្យសោកស្ដាយមួយបានកើតឡើងដែលធ្វើឲ្យព្រះរាជាទ្រង់ភិតភ័យជាខ្លាំងគឺ លោក កុលដឺម៉ុងតេរ៉ូ ដែលជា ថីបករបស់ព្រះរាជាម្នាក់ទៀត បានប្រែ ពាក្យ មួយម៉ាត់ខុស ព្រោះអីពាក្យនោះមានន័យពីរយ៉ាង ។ ហើយដោយសារលោក អុកហ្គឺស ផាវី August Parvy ជាអ្នករុករក នឹងស្រាវជ្រាវជនជាតិបារាំងប្រចាំប្រទេសលាវ ) បានកែតម្រូវលើការបកប្រែនោះវិញជាហេតុធ្វើឲ្យគេឃាត់ខ្លួនលោក កុលដឺម៉ុងតេរ៉ូ និងបញ្ជាឲ្យទាហ៊ាន២នាក់វាយធ្វើបាប លោកផងដែរ ។ លោក កុលដឺម៉ុងតេរ៉ូ(ហៅកុល) គឺជាកូនកាត់ ដែលមានម្ដាយជាជនជាតិខ្មែរ នឹង ឪពុកជាជនជាតិព័រទុយហ្គេស ដែលជាសាសនាទូតមករស់នៅស្រុកខ្មែរជាយូរមកហើយ ។

– ព្រឹត្តិការណ៍នេះហើយ ដែលបណ្ដាលឲ្យមានការបះបោរទូទៅដែលដឹកនាំដោយលោក ឧកញ៉ាក្រឡាហោម គង់ នៅ ទូទាំង ប្រទេស រហូតដល់ឆ្នាំ ១៨៨៦ ។ នៅពេលដែលបារាំងបានបង្ខំឲ្យហ្លួងនរោត្តម លើកិច្ចព្រមព្រៀងនានានោះបារាំងបានចាប់បង្ខំឲ្យលោក សឺន ឌៀប មិនឲ្យបកប្រែ ជាភាសាខ្មែរទូលហ្លួង អំពីសេចក្ដី នៅក្នុងអនុសញ្ញាថ្មីនោះឡើយ ។
– សម្រាប់លោក សឺន ឌៀប ក្នុងទួនាទីរបស់លោក ជាអ្នកបកប្រែភាសា លោកបានជួយលោកសង្ឃកាតូលិក ហ្គេដុង(Guesdong)សរសេរវចនានុក្រមបារាំង-ខ្មែរ និងខ្មែរ-បារាំង និងបាន សហការក្នុងកិច្ចការស្រាវជ្រាវនានា របស់លោក អៃមូនីញ៉េរ ផងដែរ ។

– នៅឆ្នាំ ១៨៨៧ លោក សឺន ឌៀបទទួលបានការអនុញាតិពីរេស៊ីដង់បារាំងឲ្យត្រឡប់ទៅខេត្តរបស់លោកវិញ ។ នាខេត្តឃ្លាំង លោកត្រូវបានគេតែងតាំងជា ជីហ្វៀង ( ពាក្យយួននេះ មានងារស្មើនឹងចៅជហ្វាយខេត្ត ជាមន្ត្រីហ៊ូពាន់ថ្នាក់ទី១ នៅខេត្តឃ្លាំង កម្ពុជាក្រោម ) ។
– ក្នុង ផែនដីហ្លួងស៊ីសុវត្ថិ(១៩០៤-១៩២៧)លោកបានទទួលការតែងតាំងជាមហាមន្ត្រីចតុស្ដម្ភដូចជា ៖
– ក្នុងឆ្នាំ ១៩០៨ ជាឧកញ៉ាក្រឡាហោម ( រដ្ឋមន្ត្រីខាងកងទ័ពជើងទឹក ) កសិកម្ម ពាណិជ្ជកម្ម នឹងឧស្សាហកម្ម ។
– ឆ្នាំ ១៩២៣ ជា ឧកញ៉ាយមរាជ(រដ្ឋមន្ត្រីទទួល
ផែនយុត្តិធម៌ ) ។

– មេដាយ ដែល សម្ដេចពោធិសាលរាជ សឺន ឌៀប បានទទួលនោះមាន ៖
+ Commandeur de la Legion d’LLonneur,
+ Grand Croix de l’Ordre Royal du Cambodge,
+ Commandeur du Nichan El Nouar,
+ Officier d’Academic francais,
+ Officier du Merite agricole fracais,
+ Officier du SOWATHARA
+ Chevalier de l’Ordre du Dragon d’Annam
+ Chevalier de l’Ordre du Million d’Elephants
+ Medaille de SA MAJESTE NORODOM
+ Medaille de SA MAJESTE SISOWATH
+ Medaille de la Societe d’Encouragement au Bien
+ Medaille d’Exposition de Marsecille,
+ Medaille d’Honneur de tere classe (Francais) ។

– លោកមានភរិយា២នាក់គឺ
១. លោកយាយ ឯម ស្រុកកំណើតខេត្ត ឃ្លាំង មានបុត្រីបុត្រាចំនួន៧នាក់គឺ ៖
ទី១. លោក ស៊ីលផាន់ ដែលមានភរិយា អ្នក ទ្រឿង ( ស្រ្តីយួន )
ទី២. លោកស្រី សូព័រ ដែលមានស្វាមី ឧត្តមមន្ត្រីទីសម្រាក ឡឹម ឯម
ទី៣. លោកស្រី យីធរ ( ស្លាប់អត់ប្ដី )
ទី៤. លោកស្រី សុរីឆាន់ ដែលមានស្វាមីលោក ម៉ារីកាសូ
ទី៥. លោក សុរីម៉ុត្តិយ៉ា មានភរិយា នាងង៉ាំ និង នាងពេជ្រ
ទី៦. លោកស្រី ស៊ីបូផាត់ ដែលមានស្វាមីលោកងួនពីរ
ទី៧. លោក កេតសារី ( ស្លាប់អត់ប្រពន្ធ )

– កូនស្រីទី២របស់លោក ជាមួយនឹងភរិយាទី២ ឈ្មោះនាង ស៊ុន ណារី បានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីពង្ស ដែលជាព្រះរាជបុត្រារបស់ព្រះបាទស៊ីសុវត្ថិ មុនីវង្ស ។
– លោក សឺន ឌៀប បានបន្សល់ទុកស្នាដៃអក្សរសិល្ប៍ជាកម្រងកំណាព្យមួយនិពន្ធពេលដែលលោកមកកាន់ប្រទេសបារាំង ក្នុងពេលពិធីតាំងតុអន្តរជាតិនៅក្រុងបារីសនៅឆ្នាំ១៩០០ ដែលមានចំណងជើងថា « ល្បើកពីស្រុកព្រៃន
គរទៅក្រុងបារាំងសែស នៅទីតាំងតុ » ។
– លោក សឺន ឌៀប បានទទួលអនិច្ចកម្មនៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៣៤ ក្នុងជន្មាយុ៧៩ឆ្នាំ ។ អដ្ឋិធាតុរបស់លោកត្រូវបានក្រុមគ្រួសារដង្ហែរយកមកតម្កល់ក្នុងចេតិយមួយនៅក្នុងវត្តបទុមវដ្ដីរាជវរារាម នាទីក្រុងភ្នំពេញ ។
+ នេះគឺជារូបរបស់លោក សឺន ឌៀប ថតឆ្នាំ ១៩០៦ ។

– ប្រភពឯកសារយោង ៖ ក្បួនសាវតារវង្សត្រកូ រៀបរៀងដោយ លោកឧកញ៉ាឧត្តមមន្ត្រីទីសម្រាក ឡឹម ឯម ជាកូនប្រសារ ។ ក្នុងទំព័រទី៩,១០,១១,
១២ ជាភាសាបារាំង នឹងឯកសារស្រាវជ្រាវដោយលោក សាស្ដារ្យបណ្ឌិត ឃីង ហុកឌី ។
– ពីគេហទំព័រ ៖ គណៈធម្មាចារ្យខេត្តពលលាវ
– កែរសម្រួលអត្ថបទឡើងវិញដោយ ៖ គេហទំព័រ Colorise & Old Photos of Cambodia By: Leak NCee

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*