BREAKING NEWS

សូមចូលរួមសោកស្តាយ! បុរសទាបជាងគេបំផុតនៅលើពិភពលោក ជនជាតិនេប៉ាល់ ទទួលមរណភាពហើយ ក្នុងវ័យ២៧ឆ្នាំ

Spread the love

(នេប៉ាល់)៖ បុរសមានកម្ពស់ទាបជាងគេបំផុតនៅលើពិភពលោក ដែលអាចដើរបាន និងជាប់កំណត់ត្រា Guinness World Records បានទទួលមរណភាពហើយ នៅឯមន្ទីរពេទ្យ មួយកន្លែង ក្នុងប្រទេសនេប៉ាល់ ដោយមានវ័យ២៧ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០។

លោក Khagendra Thapa Magar ដែលមានដើមកំណើតមកពីស្រុក Baglung នៃប្រទេសនេប៉ាល់ មានកម្ពស់ត្រឹមតែ ៦៧.០៨សង់ទីម៉ែត្រ ប៉ុណ្ណោះ។ បងប្រុសរបស់លោក បានប្រាប់សារព័ត៌មាន AFP ថាលោក Magar បានទទួលមរណភាពនៅថ្ងៃសុក្រសប្ដាហ៍នេះ នៅឯមន្ទីរពេទ្យ បន្ទាប់ពីតស៊ូប្រយុទ្ធនឹងជំងឺរលាកសួត អស់រយៈពេលជាច្រើនខែ មកនេះ។

លោក Magar ត្រួវបានកំណត់ត្រាពិភពលោក Guinness World Records ទទួលស្គាល់ថា ជាមនុស្សមានកម្ពស់ទាបជាងគេបំផុតនៅលើពិភពលោក នៅចំថ្ងៃខួបកំណើត អាយុ១៨ឆ្នាំ របស់លោក កាលពីឆ្នាំ២០១០។ នៅកាលណោះ លោកបាននិយាយពាក្យពេចន៍ ដែលធ្វើឱ្យគេចងចាំ ដូច្នេះថា៖‍« ខ្ញុំមិនដែលចាត់ទុកថា ខ្លួនខ្ញុំជាបុរសទាបម្នាក់ នោះទេ។ ខ្ញុំគឺបុរសខ្ពស់ម្នាក់។ ខ្ញុំសង្ឃឹមថាតំណែងមួយនេះនឹងបង្ហាញខ្ញុំពីការគិតបែបនេះ ហើយអាចនឹងឱ្យខ្ញុំរកផ្ទះដ៏ប្រសើរមួយសម្រាប់គ្រួសារ របស់ខ្ញុំ»។

គួរបញ្ជាក់ថា បើតាម Guinness World Records មនុស្សទាបជាងគេបំផុត នៅលើពិភពលោកមានពីរប្រភេទ គឺទាបបំផុតអាចដើរបាន និងមិនអាចដើរបាន។ ជនជាតិហ្វីលីពីន ឈ្មោះ Junrey Balawing បានជាប់ឈ្មោះជាបុរសទាបជាងគេបំផុតដែលមិនអាចដើរបាន ដោយមានកម្ពស់ ៥៩.៩៣សង់ទីម៉ែត្រ ខណៈលោក Magar ទាបជាងគេ តែអាចដើរ បាន ហើយលោកធ្លាប់បានបាត់បង់តំណែងនេះ ដោយសារតែមានបុរសនេប៉ាល់ម្នាក់ទៀត ឈ្មោះ Chandra Bahadur Dangi ត្រូវបានគេរកឃើញថាមានកម្ពស់ទាបជាង លោកទៅទៀត ជាមួយកម្ពស់ ៥៤.៦សង់ទីម៉ែត្រ។ ប៉ុន្តែ លោក Magar បានជាប់ឈ្មោះជាបុរសទាបជាងគេ អាចដើរបាននៅលើពិភពលោកសាជាថ្មី ក្រោយលោក Dangi ស្លាប់នៅឆ្នាំ២០១៥៕ អត្ថបទ៖ FreshNews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*