BREAKING NEWS

ចិនកំពុងដេកភ័យដូចជប៉ុនដែរហើយ ព្រោះពលរដ្ឋម្នាក់ៗលែងចង់បានកូន ធ្វើឲ្យអត្រាកំណើតកាន់តែធ្លាក់ចុះទាបគួរឲ្យបារម្ភ

Spread the love

អត្រាកំណើតរបស់ចិនក្នុងឆ្នាំ២០១៩ បានធ្លាក់ដល់កម្រិតទាបខ្លាំងបំផុតមួយ រាប់ចាប់តាំងពីឆ្នាំ ១៩៤៩ មក។ ទំនោរនេះ បានជំរុញឲ្យការព្រួយបារម្ភកាន់តែខ្លាំង ដល់ដំណើរសេដ្ឋកិច្ចរបស់ចិន​ ដែលប្រឈមនឹងវិបត្តិខ្វះខាតកម្លាំងពលកម្មសកម្ម ពីព្រោះថាចំនួនមនុស្សចាស់ចេះតែកើនឡើង ហើយចំនួនពលរដ្ឋវ័យក្មេងវិញកាន់តែធ្លាក់ចុះ។

ដើម្បីចៀសវាងវិបត្តិប្រជាសាស្រ្ត នៅក្នុងឆ្នាំ២០១៦ រដ្ឋាភិបាលចិន បានដាក់ចេញនូវការបន្ធូរបន្ថយ លើគោលនយោបាយកូនមួយរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យប្រជាជន យកកូនបានចំនួនពីរនាក់។ ក៏ប៉ុន្តែ ការផ្លាស់ប្តូរខាងលើនេះ មិនបានជំរុញឲ្យការមានផ្ទៃពោះកើនឡើងនោះទេ ហើយក៏មិនមានឥទ្ធិពលគ្រប់គ្រាន់ ក្នុងការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជន ដែលបច្ចុប្បន្ន ស៊ាំនឹងការរស់នៅ ក្នុងគ្រួសារដែលមានសមាជិកតិចទៅហើយនោះ។

ក្នុងឆ្នាំ ២០១៩ អត្រាកំណើតរបស់ចិន មានចំនួន ១០,៤៨ ក្នុងចំណោមប្រជាជន ១ ០០០ នាក់ ពោលគឺធ្លាក់ចុះជាងកាលពីឆ្នាំ ២០១៨ទៅទៀត។ នេះ បើយោងតាមទិន្នន័យ ពីការិយាល័យស្ថិតិជាតិចិនចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៧ មករា។

តួលេខនេះ សរបង្ហាញឲ្យឃើញថា អត្រាកំណើតចិន បានធ្លាក់ចុះចំនួន ៣ ឆ្នាំជាប់ៗគ្នា។ តែទោះជាយ៉ាងណាក៏ដោយ មានទារកចំនួនជាង ១៤ លាននាក់កើតក្នុងឆ្នាំ២០១៩។

ទាក់ទងរឿងនេះដែរ លោកហេ យ៉ាហ្វូ (He Yafu) អ្នកជំនាញខាងផ្នែកប្រជាសាស្ត្រម្នាក់ បាននិយាយថា អត្រាកំណើតរបស់ចិន កាលពីឆ្នាំទៅមិញ បានធ្លាក់ចុះដល់កម្រិតទាបខ្លាំងបំផុតមួយ ចាប់តាំងពីឆ្នាំ ១៩៦១។ ជាឆ្នាំបិទបញ្ចប់គ្រោះអត់ឃ្លាន ដែលកាលណោះបានបណ្តាលឲ្យមនុស្សរាប់សិបលាននាក់ស្លាប់នៅក្នុងប្រទេស។ លោកហេ បន្ថែមថា កាលពីឆ្នាំ ១៩៦១ អត្រាកំណើតមានចំនួនប្រហែលជា ១១ លាន ៨ សែននាក់។

គួររំឭកជូនថា គោលនយោបាយកូនមួយ ត្រូវបានណែនាំដោយមេដឹកនាំកំពូលចិនលោក តេង ស៊ាវពីង ដើម្បីទប់ស្កាត់កំណើនប្រជាជន និងលើកកម្ពស់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

វិធានការនេះ ផ្តល់នូវលទ្ធផលគួរឱ្យកត់សំគាល់។ ជាក់ស្តែង អត្រានៃការមានកូន បានធ្លាក់ចុះពីអត្រាកំណើតចំនួនប្រមាណជា ៦ ក្នុងចំនួនស្ត្រីម្នាក់នាឆ្នាំ ១៩៧០ មកនៅប្រមាណ ១,៦ នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០។

អត្រាកំណើត បានបន្តធ្លាក់ចុះ ហើយនៅឆ្នាំ ២០១៩ អត្រាកំណើត បានធ្លាក់ដល់កម្រិតទាបខ្លាំងបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រចិននារយៈពេល ៧០ ឆ្នាំចុងក្រោយនេះ។ ទំនោរខាងលើ អាចបង្កជាវិបត្តិធំ ដល់សេដ្ឋកិច្ចចិននាពេលអនាគត ពីព្រោះថា កម្លាំងពលកម្មសកម្មដែលឧស្សាហកម្មចិនត្រូវការចាំបាច់ បានបន្តធ្លាក់ចុះគួរឲ្យបារម្ភ៕ អត្ថបទ៖ RFI

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*