ក្រសួងបរិស្ថាន បានបញ្ជាក់ថា ស្ថានភាពនៃគុណភាពខ្យល់នៅរាជធានីភ្នំពេញ មានភាពល្អប្រសើរឡើងវិញហើយ ដោយប៉ារ៉ាម៉ែត្រកំហាប់ភាគល្អិតនិចល PM2.5 បានស្ថិតនៅក្រោមកម្រិតស្តង់ដារកំណត់។ បើតាមក្រសួងបរិស្ថានដដែល គុណភាពខ្យល់នៅតាមបណ្តាខេត្តនានា ក៏មានគុណភាពល្អផងដែរ។
«មន្ត្រីជំនាញក្រសួងបរិស្ថាននៅតែ តាមដានបន្តទៀត លើស្ថានភាពគុណភាពខ្យល់នេះ។ ប្រសិនបើមានអ្វីប្រែប្រួល ក្រសួងបរិស្ថាននឹងជម្រាបជូនដំណឹងភ្លាមៗ»។ នេះជាការបញ្ជាក់របស់ក្រសួងបរិស្ថាន។
កាលពីពេលថ្មីៗនេះ ស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ ជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើងលើសកំណត់ស្ដង់ដារ ដែលជាហានិភ័យបង្កការប៉ះពាល់ ចំពោះសុខភាពប្រជាពលរដ្ឋ។
បើតាមក្រសួងបរិស្ថាន ប្រភពនិងសកម្មភាពសំខាន់ៗ ដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 កើនឡើងនេះ មានដូចជា ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូត និងពីចំហេះឥន្ទនៈផ្សេងទៀត, ពីភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីចំហ និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម ។ ក្រសួងបរិស្ថាន ក៏បានណែនាំឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានរាជធានី ខេត្ត ជួយទប់ស្កាត់លើបញ្ហាទាំងអស់នេះ៕ អត្ថបទ៖ ថ្មីៗ
Be the first to comment