BREAKING NEWS

សម្តេចក្រឡាហោម ស ខេង : បើឡើងធ្វើធំ ដើម្បីតែការពារផលប្រយោជន៍ខ្លួនឯងមិនបាច់ឡើងក៏បានដែរ….

Spread the love

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា ការទទួលបានតួនាទី និងអំណាចក្នុងជួររាជរដ្ឋាភិបាល ឬជាមន្ត្រីរាជការ គឺដើម្បីការពារផលប្រយោជន៍របស់ប្រជាជន មិនមែនដើម្បីការពារផលប្រយោជន៍ខ្លួនឯងនោះឡើយ។ សម្តេចបានសង្កត់ធ្ងន់ថា បើឡើងធ្វើធំ ដើម្បីតែការពារផលប្រយោជន៍ខ្លួនឯងមិនបាច់ឡើងក៏បានដែរ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នាព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០នេះ។ នៅចំពោះមុខមន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចមកពីស្ថាប័នស្ថិតនៅក្រោមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេចក្រឡាហោម ស ខេង បានរំលឹកដល់រឿងធ្វើវិសោធនកម្មច្បាប់ស្តីចរាចរណ៍ផ្លូវគោក។

បើតាមសម្តេចក្រឡាហោម ស ខេង កាលណោះ លោក ត្រាំ អ៉ីវតឹក នៅជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនបានចូលរួមក្នុងកិច្ចប្រជុំពិនិត្យលើការកែប្រែច្បាប់នោះ ព្រោះតែមានការប្រកាន់រឿងធ្វើប្រធានគណៈកម្មការ។

ពេលនិយាយដល់បញ្ហានេះ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា រដ្ឋមន្ត្រីខ្លះធ្វើការខ្លាចតែបាត់អំណាច និងបាត់សិទ្ធិរបស់ខ្លួន លើការងារមួយចំនួន ដែលជាហេតុធ្វើឱ្យការងារអន្តរក្រសួងខ្លះមិនសូវមានប្រសិទ្ធភាព។

សម្តេចក្រឡាហោម បានគូសបញ្ជាក់យ៉ាងដូច្នេះ «រដ្ឋមន្ត្រីយើងខ្លះគាត់ខ្លាច ខ្លាចបាត់សិទ្ធិ បាត់អំណាច។ ខ្ញុំថាយើងគេឱ្យឡើងធ្វើធំហ្នឹង ដើម្បីការពារផលប្រយោជន៍ប្រជាជន ចុះបើឡើងមកគ្រាន់តែការពារផលប្រយោជន៍ខ្លួនឯងដដែលមិនបាច់ឡើងទេ។ ឡើងមកគ្រាន់តែខ្លាចបាត់អំណាចខ្លួនឯង មិនបាច់ឡើង មិនបាច់ធ្វើទេ។ ធ្វើការពារជាតិ ការពារប្រជាពលរដ្ឋ អាណុងភារកិច្ចរបស់យើង»៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*