BREAKING NEWS

កំពុងតែផលិតទឹកដោះគោសុខៗ លោកសុខ ទូច ភ្ញាក់ផ្អើលឃើញព្រះរាជក្រឹត្យ តែងតាំងលោកជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី

Spread the love

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ លោកបណ្ឌិតសភាចារ្យ សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។

ព្រះរាជក្រឹត្យថ្មីស្តីពីការតែងតាំងលោកបណ្ឌិត សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជានេះ ក៏នាំឱ្យមានការងឿងឆ្ងល់ផងដែរ។ ងឿងឆ្ងល់ព្រោះថា បច្ចុប្បន្នលោកបណ្ឌិត សុខ ទូច កំពុងស្ថិតនៅក្នុងតំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាស្រាប់ទៅហើយ ហេតុម្តេចត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាថ្មីបែបនេះ?

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ព្រះរាជក្រឹត្យតែងតាំងជាថ្មីនេះមិនមានអ្វីថ្មីនោះឡើយ គឺគ្រាន់តែធ្វើឡើងឱ្យស្របតាមព្រះរាជក្រឹត្យ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាលកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។

ផ្អែកតាមខ្លឹមសារមាត្រា១៨ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មុខតំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា គឺត្រូវតែងតាំងឡើងវិញ ហើយការតែងតាំងនេះត្រូវធ្វើឡើងយ៉ាងយូរមួយខែក្រោយពីការចូលជាធរមាននៃព្រះរាជក្រឹត្យខាងលើ។

សូមបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា បានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលជាផ្លូវការ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។ រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមព្រះរាជក្រឹត្យថ្មី រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍៖

– គ្រប់គ្រង និងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ

– ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា

– រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស

– បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ

– ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា

– ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស

– លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ

– អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ

– ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌

– ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ

– ពិនិត្យ និងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់

– អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕

ព័ត៌មានលម្អិតសូមអានព្រះរាជក្រឹត្យទាំងស្រុង៖

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*