BREAKING NEWS

គ្មានអ្នកចាប់អារម្មណ៍ទេ! ថ្ងៃនេះគឺជាគំរប់ខួបទី១៦ នៃមរណ ភាព លោកជា វិជ្ជា ដែលជាអតីតប្រធាន​ចលនា​សហជីព​កម្ពុជា

Spread the love

សហព័ន្ធ​សហជីព​សេរី កម្មករ នឹង​នៅតែ​បន្ត​រៀបចំ​ពិធី​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា គម្រប់​ខួប​លើក​ទី​១៦ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ខាងមុខនេះ ដើម្បី​រំលឹក​ដឹង​គុណ​ចំពោះ​ការ​លះ បង់​ដ៏​ធំធេង​របស់​លោក​ក្នុង​បុព្វហេតុ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​ការងារ​របស់​កម្មករ។ មក​ទល់​ពេលនេះ រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ទាន់​ស្វែងរក​ឃាតក​បាញ់សម្លាប់​លោក ជា វិជ្ជា ទាំង​កណ្ដាល​ថ្ងៃ​បាន​នៅឡើយ​ទេ។

អនុប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ លោក ម៉ាន់ សេងហាក់ ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​តាម​ការ​ស្នើសុំ​ដោយ​ឱ្យ​សហជីព​របស់​លោក​ជួបជុំគ្នា​នៅមុខ​រូប​សំណាក​របស់​លោក ជា វិជ្ជា នៅ​ក្បែរ​វិមានឯករាជ្យ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ខាងមុខនេះ ដើម្បី​ដាក់​កម្រង​ផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​សម្រាប់​គម្រប់​ខួប ១៦​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា​។ លោក ម៉ាន់ សេងហាក់ រំពឹង​ថា ពិធី​គោរព​វិញ្ញាណ​លោក ជា វិជ្ជា ដែល​លោក​ហៅ​ថា ជា​វីរជន​កម្មករ​នេះ នឹង​មាន​អ្នកចូលរួម​លើស​ពី ១៥០​នាក់ ក្នុង​នោះ​មាន​កម្មករ​-​កម្ម​ការិនី​ថ្នាក់ដឹកនាំ សហជីព​នានា​ព្រម ទាំង​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​លោក ជា វិជ្ជា ផង​ដែរ​។ មន្ត្រី​សហជីព​រូប​នេះ បន្ត​ថា ពួក​លោក និង​ក្រុម​គ្រួសារ​របស់​លោក ជា វិជ្ជា នៅតែ​ទទូច​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល ស្វែងរក​ចាប់ខ្លួន​ឃាតក​ពិត​មក​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ៖ «ពេលនេះ​យើង​មិន​ទាន់​មាន​ព័ត៌មាន​ជា​ផ្លូវការ​ណាមួយ​ដែល​មន្ត្រី​រដ្ឋាភិបាល​រួម​ទាំង​តុលាការ ឱ្យ​តម្រុយ​នៃ​ឃាតក​នោះ​នៅឡើយ​ទេ។ ប៉ុន្តែ​យើង​សង្ឃឹមថា នឹង​មាន​យុត្តិធម៌ ប៉ុន្តែ​មិនមែន​នៅ​ពេល​នេះ គឺ​នៅ​ពេល​ក្រោយៗ​ទៀត ព្រោះ​យើង​នៅតែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌»។

លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុងភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ក្នុងពេលដែល​ប្រទេស​កម្ពុជា កំពុង​ជួប​វិបត្តិ​នយោបាយ​រវាង​គណបក្ស​ចំនួន​៣ ក្រោយ​ពេល​បោះឆ្នោត ឆ្នាំ​២០០៣ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សម រង្ស៊ី។ លោក ជា វិជ្ជា ក្រៅ​ពី​ជា​មេដឹកនាំ​សហជីព​នោះ លោក​ក៏​ជា​សកម្ម ជន​គណបក្ស សម រង្ស៊ី ដែរ។ លោក​តែងតែ​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដើម្បី​ទាមទារ​ផលប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ។

គិត​រហូត​ពេល​នេះ មាន​រយៈពេល ១៦​ឆ្នាំ​ហើយ ដែល​សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ មិន ទាន់​ត្រូវ​បាន​របប​ក្រុងភ្នំពេញ វែកមុខ​រក​ឃាតក​ឃើញ​នៅឡើយ ក្រោយ​រង​ការ​រិះគន់​ថា បាន​ព្យាយាម​បង្កើត​ឃាតក​សិប្ប​និមិត្ត​។ រដ្ឋាភិបាល លោក ហ៊ុន សែន នៅតែ​អះអាង​ថា សំណុំ​រឿង​នេះ នៅ​មិនទាន់​បិទ​បញ្ចប់​នៅឡើយ​ទេ ប៉ុន្តែ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មិនដែល​បាន​បង្ហាញ​ពី​ការ​វិវឌ្ឍន៍​បន្តិច ណាមួយ​នៃ​លទ្ធផល​ស៊ើបអង្កេត​នោះ​ទេ៕ អត្ថបទ៖ RFA

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*