BREAKING NEWS

ក្តៅៗ! ក្រសួងសុខាភិបាល អះអាងថា មិនមានការឆ្លងជំងឺផ្លូវដង្ហើមប្រភេទថ្មីចូលកម្ពុជា តាមព្រលានយន្ដហោះអន្ដរជាតិ ខេត្តព្រះសីហនុទេ

Spread the love

(ភ្នំពេញ)៖ ភ្លាមៗក្រោយពីមានព័ត៌មាន តាមបណ្ដាញសង្គម Facebook ដែលចែកចាយតៗគ្នាបង្កការភ្ញាក់ផ្អើលថា ជំងឺរលាកសួតប្រភេទថ្មី បានចូលមកប្រទេសកម្ពុជា តាមច្រកព្រលានយន្ដហោះអន្ដរជាតិខេត្តព្រះសីហនុនោះ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានចេញមកទាត់ចោលព័ត៌មានបំពុលសង្គមមួយនេះ និងបានអះអាងថា រហូតមកដល់ពេលនេះ គ្មានឡើយវត្ដមានជំងឺរលាកសួតប្រភេទថ្មី ឆ្លងពីប្រទេសចិនមកកម្ពុជា។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន បានសំណូមឲ្យប្រជាពលរដ្ឋ ដែលយកចិត្តទុកដាក់ ចំពោះបញ្ហាជំងឺរលាកសួតប្រភេទថ្មី សូមកុំជឿតាមប្រភពព័ត៌មាន Facebook ដែលគ្មានប្រភពច្បាស់លាស់ ពោលគឺត្រូវជឿជាក់លើតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ពីក្រសួងសុខាភិបាល ឬតាមរយៈមន្ត្រីរបស់ក្រសួងសុខាភិបាលផ្ទាល់។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមច្រានចោលទាំងស្រុងថា រហូតមកដល់ពេលនេះ គ្មានឡើយជំងឺរលាកសួតប្រភេទថ្មី ឆ្លងចូលប្រទេសកម្ពុជា។ សូមប្រជាពលរដ្ឋទទួលយកព័ត៌មាន ដែលចេញពីក្រសួងសុខាភិបាល ឬចេញពីមន្ដ្រីសុខាភិបាលតែមួយប៉ុណ្ណោះ»។

ដោយឡែកចំពោះព័ត៌មានថ្មីមួយទៀត ដែលមានការអះអាងថា មានករណីបិទមិនឲ្យមានអ្នកដំណើរពីទីក្រុងវូហាន ប្រទេសចិន មកចុះចតនៅព្រលានយន្ដហោះ របស់ប្រទេសកម្ពុជានោះ ត្រូវបានរដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ជា អូន បញ្ជាក់ប្រាប់ Fresh News ថា ជាករណីមិនពិតឡើយ ព្រោះអាកាសចរស៊ីវិល មិនមានគោលការណ៍ឲ្យបិទការហោះហើរនេះឡើយ។

សូមជម្រាបថា គិតមកត្រឹម ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ ប្រទេសចិន មានអ្នកឆ្លងជំងឺរលាកសួតប្រភេទថ្មី ចំនួន៥៧១នាក់ ក្នុងនោះ ស្លាប់១៧នាក់ និង៥៩នាក់ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់ធ្ងន់ធ្ងរ។ អ្នកជំងឺទាំងនោះ សុទ្ធតែធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុងវូហាន ប្រទេសចិន ហើយជំងឺរលាកសួតថ្មីនេះ មិនទាន់មានវ៉ាក់សាំងការពារនៅឡើយនោះទេ៕( Credit : Fresh News Asia )

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*