មានបងប្អូនក្នុងស្រុកយើងជាច្រើនកំពុងមានការព្រួយបារម្ភជាខ្លាំង តើទំនិញដែលពួកគេបានកុម្ម៉ង់ចេញពីប្រទេសចិន តាមរយៈគេហទំព័រ Taobao និង AliExpress អាចបង្កើតជាហានិភ័យចម្លងវីរុសផ្លូវដង្ហើមថ្មីដល់អ្នកដែលទទួលទំនិញដែរឬទេ?
តាមរយៈចម្លើយច្បាស់ការពីវេជ្ជបណ្ឌិតម៉ាឡេស៊ីលោក Christopher Lee បម្រើការនៅឯមន្ទីរពេទ្យ Sungai Buloh និងជាទីប្រឹក្សាជាតិនៃជំងឺឆ្លងនៅក្នុងក្រសួងសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ី បានឆ្លើយតបជុំវិញចម្ងល់ចាក់ដោតមួយនេះ។
ចម្លើយគឺលោកសង្កត់ធ្ងន់ថាវាសឹងតែមិនអាចកើតឡើងទៅបាន ហើយបើមានក៏មានភាគរយនៅកម្រិតទាបបំផុតមួយ។ លោកបានលើកឡើងថាវីរុសកូរ៉ូណា (2019-nCoV) គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងវីរុស SARS និង MERS ដោយវាអាចមានជីវិតនៅក្រៅតួខ្លួនមនុស្សត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយក្នុងករណីពិសេសណាមួយគឺអាចមានជីវិតដល់រយៈពេលយូរបំផុត ៤ ថ្ងៃ។
លោក Lee មានប្រសាសន៍ថា៖ “វីរុសនោះអាចរស់យ៉ាងយូរប្រហែលប៉ុន្មានថ្ងៃប៉ុណ្ណោះក្នុងបរិយាកាសសើមឬមានសំណើម ប៉ុន្តែបើនៅលើរបស់ស្ងួតដូចជាថង់ប្លាស្ទិចជាដើម វាអាចរស់បានតែប៉ុន្មានម៉ោងហ្នឹងឯង”។
បែបនេះយើងអាចសន្មតបានថាវីរុសនោះវាមិនអាចឆ្លងមកកាន់អតិថិជនអ្នកទទួលទំនិញបាននោះទេ ព្រោះជាធម្មតាជើងហោះហើរឬកប៉ាល់ដឹកទំនិញពីចិនមកកម្ពុជា យ៉ាងតិចក៏ចាយពេល ៧ ថ្ងៃដែរ ហើយជាមធ្យមចន្លោះ ១៥ ទៅ ៦០ ថ្ងៃក៏មាន។
យ៉ាងណាមិញតាមរយៈការបញ្ជាក់ពីក្រុមហ៊ុនដឹកទំនិញខ្នាតធំ Express Mail Service (EMS) របស់ China Post ក៏បានសង្កត់ធ្ងន់ដែរថាក្រុមហ៊ុននឹងធ្វើការពន្យាពេលការដឹកជញ្ជូនទំនិញទាំងអស់ ក្នុងគោលដៅត្រួតពិនិត្យឲ្យបានដិតដល់និងធានាគុណភាពបន្ថែមទៀតនៅលើទំនិញនីមួយៗ៕ ប្រភព៖ Worldofbuzz
Be the first to comment