BREAKING NEWS

បារាំងមិនឳបដៃឈរមើលទេ! អាជ្ញាធរត្រៀមយន្តហោះ ដឹកជញ្ជូនពលរដ្ឋខ្លួនរាប់រយអ្នក កំពុងជាប់គាំងនៅទីក្រុងអ៊ូហាន

Spread the love

(ប៉ារីស)៖ អាជ្ញាធរបារាំងនឹងរៀបចំទៅដឹកជញ្ជូនពលរដ្ឋរបស់ខ្លួនរាប់រយនាក់ ដែលកំពុងជាប់គាំងនៅទីក្រុងអ៊ូហាន (Wuhan) ភាគកណ្តាលប្រទេសចិននោះ ត្រឡប់មកកាន់ប្រទេសកំណើតវិញ យ៉ាងហោចណាស់នៅពាក់កណ្តាលសប្តាហ៍នេះ បន្ទាប់ពីទទួលការអនុញ្ញាតពីអាជ្ញាធរចិន និងស្ថិតក្រោមកិច្ចសហការ ជាមួយក្រុមជំនាញវេជ្ជសាស្ត្រ ខណៈសហរដ្ឋអាមេរិក ក៏ទើបបានប្រកាសដូចគ្នានេះដែរ កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយ CNA នាល្ងាចថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុងប៉ារីស រដ្ឋមន្ត្រីសុខាភិបាលបារាំងលោកស្រី អាំងញែស ប៊ូហ្សង់ (Agnes Buzyn) បានបញ្ជាក់ថា បារាំងនឹងរៀបចំជើងហោះហើរត្រង់ តែម្តងទៅកាន់ចិននៅពាក់កណ្តាលសប្តាហ៍នេះ ខណៈចំនួនជាក់លាក់នៃពលរដ្ឋបារាំង ដែលកំពុងស្ថិតនៅទីក្រុង Wuhan មិនទាន់ត្រូវបានបញ្ជាក់ឲ្យច្បាស់លាស់នោះឡើយ ប៉ុន្តែអាចមានខ្ទង់រាប់រយនាក់។

លោកស្រី Agnes Buzyn បានបញ្ជាក់ទៀតថា ពលរដ្ឋបារាំងដែលមកពីទីក្រុង Wuhan នឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យនៅតំបន់មួយ ដែលត្រូវបានរៀបចំឡើង ដើម្បីទទួលការតាមដានអការៈរោគរយៈពេល ១៤ថ្ងៃ ព្រោះអ្នកជំនាញបានអះអាងរួចទៅហើយថា វីរុសនេះអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតបាន ទាំងដែលអ្នកដែលបានឆ្លងវីរុសមុននោះ មិនទាន់បញ្ចេញអការៈអ្វីសោះនៅឡើយ ហេតុដូច្នេះវាពិតជាពិបាកណាស់ នៅក្នុងការរកឃើញភ្លាមៗថា នរណាម្នាក់មានផ្ទុកវីរុសកូរ៉ូណា (Coronavirus)។

ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានៅចិន ព្រមទាំងចំនួនអ្នកឆ្លងវីរុសនេះនៅទូទាំងពិភពលោក៖

១៖ ប្រទេសចិន៖ ឆ្លងជាង ២,៧៤០នាក់ ក្នុងនោះស្លាប់ ៨១នាក់
២៖ ថៃ៖ ០៨ករណី
៣៖ អូស្ត្រាលី៖ ០៥ករណី
៤៖ បារាំង៖ ០៣ករណី
៥៖ ជប៉ុន៖ ០៤ករណី
៦៖ ម៉ាឡេស៊ី៖ ០៤ករណី
៧៖ សិង្ហបុរី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៣ករណី
៩៖ សហរដ្ឋអាមេរិក៖ ០៥ករណី
១០៖ វៀតណាម៖ ០២ករណី
១១៖ នេប៉ាល់៖ ០១ករណី
១២៖ កាណាដា ០១ករណី

គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាមព្យាបាលអ្នកឆ្លង ឲ្យបានធូរស្រាលឡើងវិញផងដែរ។ ដោយឡែកប្រទេសមួយចំនួនទៀតដូចជា រុស្ស៊ី និងអង់គ្លេសជាដើម ក៏បានធ្វើការត្រួតពិនិត្យសុខភាពពលរដ្ឋមួយចំនួន ដែលគេសង្ស័យថាអាចមានផ្ទុកវីរុសនេះដែរ ប៉ុន្តែជាលទ្ធផលគឺពួកគេទាំងនោះត្រឹមតែផ្តាសាយធម្មតា និងគ្មានផ្ទុកវីរុសកូរ៉ូណានោះឡើយ៕ អត្ថបទ៖ FreshNews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*