អាជ្ញាធរម៉ុងហ្គោលី បានប្រកាសបិទច្រកព្រំដែនជាមួយចិន ដោយពុំអនុញ្ញាតឲ្យអ្នកបើកបររថយន្ត ឬអ្នកថ្មើរជើងណាម្នាក់ឆ្លងកាត់បានឡើយ។ ម្យ៉ាងទៀត ទោះមិនទាន់រកឃើញករណីឆ្លងកូរ៉ូណាវីរុសដែលបង្កទៅជាជំងឺរលាកសួតប្រភេទថ្មី ម៉ុងហ្គោលី បានដាក់ចេញវិធានការក្តៅ រួមមាន ការបិទសាលាជាបណ្តោះអាសន្ន និងផ្អាកព្រឹត្តិការណ៍សាធារណៈទាំងអស់ដើម្បីទប់ស្កាត់វីរុសដ៏កាចសាហាវមួយនេះពីការឆ្លងរាតត្បាតមកដល់ទឹកដីខ្លួន។
ការប្រកាសរបស់រដ្ឋាភិបាលម៉ុងហ្គោលី អាចចាត់ទុកបានថាជាចំណាត់ការធ្ងន់ធ្ងរបំផុតមួយ ដែលត្រូវបានដាក់ចេញដោយប្រជាជាតិនានាជុំវិញក្តីកខ្វល់ពាក់ព័ន្ធនឹងកូរ៉ូណាវីរុសនេះ ដែលកំពុងរាតត្បាតយ៉ាងលឿនរហ័សពាសពេញប្រទេសចិន។ បច្ចុប្បន្ននេះ ប្រទេស ម៉ុងហ្គោលី ពុំទាន់រកឃើញករណីវីរុសដែលបង្កទៅជាជំងឺរលាកសួតប្រភេទថ្មីនេះនៅឡើយទេ ខណៈប្រទេសមួយចំនួន បានរកឃើញករណីនេះ រួមមាន ក្នុងតំបន់អឺរ៉ុប អាស៊ី និងសហរដ្ឋអាមេរិក។
«អ្នកថ្មើរជើង និងអ្នកបើករបរយានយន្តគ្រប់ប្រភេទ ត្រូវបានហាមឃាត់ពីការឆ្លងកាត់ចូលទៅក្នុងព្រំដែនរបស់ចិន»។ ឧបនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Enkhtuvshin Ulziisaikhan លើកឡើងបែបនេះ នៅថ្ងៃអាទិត្យ ២៦ ខែមករា ដោយសង្កត់ធ្ងន់ទៀតថា សាលារៀន និងសាកលវិទ្យាល័យ នឹងត្រូវបិទទ្វារ រហូតដល់ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២០ អមជាមួយនឹងទីកន្លែងសាធារណៈមួយចំនួនផ្សេងទៀតផងដែរ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក បញ្ជាក់ទៀតថា ព្រឹត្តិការណ៍សាធារណៈ ក៏ត្រូវហាមឃាត់ពីការប្រារព្ធធ្វើផងដែរ។ ត្រង់ចំណុចនេះ លោកឧបនាយករដ្ឋមន្ត្រីតៃវ៉ាន់រូបនេះ ចង់សំដៅទៅលើ ការរៀបចំសន្និសីទ ការប្រមូលផ្តុំគ្នាជាសាធារណៈ ដូចជា កីឡា ដំណើរកម្សាន្ត ឬការកម្សាន្តជាដើម ហើយក៏ជាការកម្មវិធីប្រកួតប្រជែងនានា។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តចាត់ចំណាត់ការខ្លាំងៗបែបនេះ ធ្វើឡើងព្រោះតែរកឃើញមានករណីឆ្លងកូរ៉ូណាវីរុសក្នុងតំបន់ Inner Mongolia ដែលជាប់ក្បែរខាងនឹងប្រទេសម៉ុងហ្គោលី។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃចន្ទ ២៧ ខែមករា ការស្លាប់ដោយសារជំងឺរលាកសួតប្រភេទថ្មីក្នុងប្រទេសចិន បានកើនឡើងដល់ ៨១ នាក់ ហើយមានករណីឆ្លងសរុប ២៨០០នាក់ ដោយភាគច្រើនគឺស្ថិតក្នុងប្រទេសចិន។
ក្រៅពីម៉ុងហ្គោលី ម៉ាឡេស៊ី ក៏ប្រកាសបិទការហោះហើរពីទីក្រុងវូហាន និងខេត្តហ៊ូប៉ីដើម្បីទប់ស្កាត់ការរាលដាល។ ដែនដីហុងកុងវិញ ក៏មានចាត់វិធានការដូចគ្នានេះដែរ ខណៈទីក្រុងម៉ាកាវ ណែនាំឲ្យដំណើរពីវូហានមានលិខិតបញ្ជាក់ពីសុខភាពសិន មុននឹងអនុញ្ញាតឲ្យចូលតំបន់ខ្លួន៕ អត្ថបទ៖ ថ្មីៗ
Be the first to comment