BREAKING NEWS

ចិនប្រាប់ UN ថាទុកចិត្តចុះ ព្រោះខ្លួនមាន​សមត្ថភាព​និង​ទំនុកចិត្ត​យកឈ្នះ​លើ​កូ​រ៉ូ​ណាវី​រុស​

Spread the love

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស នៅ​ថ្ងៃទី​២៧ ខែមករា បាន​ជួប​ជាមួយ​អគ្គរដ្ឋទូត​ចិន ចាង ជុន ដោយបាន​ជជែក​ពី​ការ​រាតត្បាត និង​ការគ្រប់គ្រង​វីរុស​ប្រភេទ​ថ្មី ដែល​កំពុង​បង្ក​ជា​ក្ដីបារម្ភ​យ៉ាងខ្លាំង​នៅ​ជុំវិញ​ពិភពលោក​។ លោក ហ្គូ​តេ​រ៉េ​ស បាន​សរសើរ​ចិន​ដែល​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា និង​ប្រកាស​ត្រៀម​ជួយ​តាម​ការចាំបាច់​។ តំណាង​ចិន ក៏​ប្រាប់​ប្រមុខ​អង្គការសហប្រជាជាតិ​ថា ចិន​មាន​ទំនុកចិត្ត​ដោះស្រាយ​បញ្ហា​នេះ​បាន​។

​នា​ជំនួប​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​នា​បុរី​ញូវយ៉ក អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​ប្រា​ប់លោក ចាង ជុន ថា អង្គការសហប្រជាជាតិ​ឈរ​នៅ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ក្នុងពេល​សំខាន់​បែបនេះ ខណៈ​កូ​រ៉ូ​ណាវី​រុស កំពុង​រាតត្បាត​កាន់តែខ្លាំង​។ លោក ហ្គូ​តេ​រ៉េ​ស បន្ថែមថា អង្គការ​របស់​លោកមា​ន​ទំនុកចិត្ត​ពេញលេញ​លើ​សមត្ថភាព​របស់​ចិន​ក្នុងការ​គ្រប់គ្រង​ការ​រាលដាល និង​ត្រៀម​ផ្ដល់ជំនួយ​តាម​លទ្ធភាព​។ ​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua នា​ជំនួប​ថ្ងៃទី​២៧ ខែមករា លោក ចាង ជុន ដែលជា​តំណាង​អចិន្ត្រៃយ៍​របស់​ចិន​អះអាងថា ចិន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការបង្ការ និង​គ្រប់គ្រង​វីរុស​ប្រភេទ​ថ្មី​នេះ ដោយ​ប្រធានាធិបតី ស៊ី ជិន​ភីង ក៏​ចេញ​សេចក្ដីណែនាំ​ឲ្យ​ដោះស្រាយ​បន្ទាន់​ផងដែរ​។ លោក​បន្តថា ចិន​ផ្ដោត​ខ្លាំង​លើ​សុខភាព​ប្រជាជន ទើប​សម្រេចចិត្ត​ចេញ​វិធានការ​ថ្នាក់ជាតិ​ជាច្រើន​ដើម្បី​គ្រប់គ្រង​ការ​រាលដាល​វីរុស​ដែល​ផ្ទុះ​ចេញពី​ទីក្រុង​វូ​ហាន​នេះ​។ ​

​តំណាង​របស់​ចិន​រូបនេះ ក៏​បញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​រ​បស់​ចិន​ជាមួយ​បរទេស​ដោយ​ឈរលើ​គោលការណ៍​បើកចំហ តម្លាភាព ជាមួយនឹង​ការសម្របសម្រួល​ផ្នែក​វិទ្យាសាស្ត្រ ហើយ​ចិន​ក៏បាន​ព្យាយាម​យ៉ាង​សស្រាក់សស្រាំ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​វីរុស និង​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​។ បើតាម​អ្នកការទូត​ចិន​រូបនេះ ចិន​មានលទ្ធភាព​ដោះស្រាយបាន​។ ​

«​នេះ​ជា​ពេល​សំខាន់​ណាស់ ហើយ​ចិន​មាន​សមត្ថភាព​ពេញលេញ និង​ទំនុកចិត្ត​ក្នុងការ​យកឈ្នះ​សមរភូមិ​ប្រឆាំង​វីរុស​នេះ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ចាង ជុន នា​ជំនួប​ជាមួយ​លោក ហ្គូ​តេ​រ៉េ​ស ។

​គិត​ត្រឹម​ថ្ងៃទី​២៨ ខែមករា អ្នកស្លាប់​ដោយសារ​វីរុស​នេះ​បាន​កើន​ដល់​១០៦​នាក់ ដោយ​ជា​ជន​ជាតិចិន​ទាំងអស់​។ សម្រាប់​តួលេខ​ថ្មី ករណី​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ដែល​ត្រូវបាន​រកឃើញ បាន​កើន​ដល់ ៤០០០​ករណី​នៅ​ទូទាំង​ពិភពលោក​។ នៅ​ចិន ករណី​ឆ្លង​បាន​កើន​ដល់​ជាង​៤៥០០​ករណី​នៅ​ទូទាំង​ផងដែរ​៕ អត្ថបទ៖ ថ្មីៗ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*