បន្ទាយមានជ័យ ៖ ក្រោយពីសារព័ត៌មានកម្ពុជាថ្មី បានផ្សាយថា និស្សិតអាហារូបករណ៍៣០នាក់ ត្រូវបានចិនបញ្ជូនមកកម្ពុជាវិញនោះ, និស្សិតម្នាក់ ក្នុងចំណោម៣០នាក់ បានអះអាងថា ពួកគេមកដោយខ្លួនឯងនោះទេ ពុំមានអ្នកណាបញ្ជូនពួកគេមកនោះឡើយ។
និស្សិតរូបនោះ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីដូច្នេះថា «រឿងដែលបញ្ជូនមកនោះ គ្មានអ្នកណាបញ្ជូនមកទេ ដោយសារពួកយើងចេញថ្លៃយន្តហោះមកខ្លួនឯង ហើយដាក់ច្បាប់ទៅសាលាទេ មិនមែនអ្នកណាបញ្ជូនមកទេ»។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ លោកអ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកវេជ្ជបណ្ឌិត កែវសុភក្ដ្រា ប្រធានមន្ទីរពេទ្យខេត្ត និងមន្ត្រីជំនាញជាច្រើននាក់ទៀត បានទៅទទួលនិស្សិតខ្មែរ ដែលមកពីខេត្ត Anhui ក្រុង Hubei ប្រទេសចិនចំនួន៣០នាក់ ដែលចូលមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយឆ្លងកាត់ការត្រួតពិនិត្យសុខភាពដោយម៉ាស៊ីនស្កែនកម្ដៅThermoscane ឃើញថា គ្មានមេរោគសញ្ញានៅក្នុងម៉ាស៊ីនចាប់កម្ដៅនោះទេ។
ជាមួយគ្នានោះលោកអភិបាលខេត្តនិងលោកប្រធានមន្ទីរ បានជួយឧបត្ថម្ភដល់និស្សិតទាំងនោះ ចំនួនទឹកប្រាក់១.០០០.០០០ រៀលផងដែរនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅច្រកទ្វារអន្តរជាតិ។
លោកកែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ក្រោយពីនិស្សិតទាំងនោះ មកដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតភ្លាម ក្រុមគ្រូពេទ្យ ដែលប្រចាំការនៅទីនោះ មានការពិនិត្យយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត ក្រោយមកគេពុំឃើញថា មាននិស្សិតប្រុសស្រីណាម្នាក់ មានជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី នោះឡើយ។
ដោយឡែកលោកឧត្ដមសេនីយ៍ត្រីអ៊ី ចំរើន នាយប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារទី១ អន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា និស្សិត ៣០ នាក់នោះ ត្រូវបានគេត្រួតពិនិត្យយ៉ាងតឹងតែងបំផុត ហើយរករថយន្តឲ្យពួកគាត់ធ្វើដំណើរទៅស្រុកកំណើតវិញ ក្រោមការតាមដានសុខភាពក្នុងរយៈពេល ១៤ ថ្ងៃដើម្បីពិនិត្យមើលសុខភាពរបស់ពួកគាត់បន្ថែមទៀតនៅឯមូលដ្ឋានតែម្ដង៕ អត្ថបទ៖ កម្ពុជាថ្មី
Be the first to comment