ភ្នំពេញ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវកុំអោយពលរដ្ឋកុំរើសអើងភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន នៅក្នុងអំឡុងពេលដែលប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក កំពុងជួបប្រឈម នឹងបញ្ហាការឆ្លងរីករាលដាលមេរោគ Coron Virus នេះ និងរួមគ្នាទប់ស្កាត់ការរីករាលដាល។
ថ្លែងទៅកាន់បណ្តាអ្នកសារព័ត៌មាននៅក្រោយជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ែរ៉ែនបាត ណាមស្រាយ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងទេសចរណ៍ប្រទេសម៉ុងហ្គោលី ថ្ងៃទី២៨ ខែមករានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា នៅក្នុងអំឡុងពេលនេះ នៅច្រកព្រលានយន្តហោះអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ គឺសុទ្ធតែរឹតបន្តឹង និងត្រួតពិនិត្យ បានច្បាស់លាស់ ដើម្បីស្វែងរកអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិណាមាន ផ្ទុកមេរោគ Corona Virus នេះ មុននឹងអ្នកដំណើរនោះបន្តធ្វើដំណើរទៅកាន់កន្លែងការងារ និងទីសាធារណនានា។
ទោះយ៉ាងណាក៏ដោយ ឯកឧត្តម ថោង ខុន បានស្នើអោយបណ្តាប្រជាពលរដ្ឋគ្រប់រូប និងបណ្តាម្ចាស់មូលដ្ឋានអាជីវកម្មនានា ត្រូវរួមគ្នាធ្វើការទប់ស្កាត់ និងត្រូវជួយរាយការណ៍បន្ទាន់ទៅកាន់ក្រសួងសុខាភិបាល ករណីសង្ស័យជនណាម្នាក់ ឬភ្ញៀវទេសចរជាតិអន្តរជាតិ កើតជំងឺឆ្លង Corona Virusនេះ ជៀសវាងការដើរចោល ដោយមិនមានការជួយគ្នា ឬ រើសអើងជាតិសាសន៍ និងប្រទេសណានោះទេ។
ឯកឧត្តម ថោង ខុន បន្តថា បច្ចុប្បន្ននេះ អង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិWTO មិនបានប្រកាសអោយប្រទេសណាមួយបិទការហោះហើរដឹកអ្នកដំណើរ និងភ្ញៀវទេសចរនោះទេ ខណៈប្រទេសចិនខ្លួនឯងបានបិទច្រកការហោះហើរ មិនអោយពលរដ្ឋចិន នៅក្នុងទីក្រុងវ៉ូហាន ធ្វើដំណើរចេញទៅក្រៅប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លង Corona Virus។
សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ មេរោគCorona Virus នេះ បាននិងកំពុងបង្កការគំរាមកំហែង រីករាលដាលឆ្លងទៅដល់បណ្តាប្រទេសប្រមាណជិត១៥ប្រទេស រួមមាន ៖ ប្រទេសចិន សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន បារាំង ថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបូរី កូរ៉េខាងត្បូង នេប៉ាល និងប្រទេសកម្ពុជា ហើយក្រៅពីនេះ Corona Virus ក៏មានកើតមាននៅក្នុងក្រុងហុងកុង ម៉ាកាវ និងតៃវ៉ាន់៕ អត្ថបទ៖ BTV
Be the first to comment