BREAKING NEWS

មិនបង្អង់យូរទេ កូរ៉េខាងត្បូងបានដឹកប្រជាជន៣៦៨នាក់ចេញពីក្រុងអ៊ូហានហើយ និងនាំពួកគេទៅពិនិត្យជម្ងឺបន្ត

Spread the love

(សេអ៊ូល)៖ នាព្រឹកថ្ងៃសុក្រនេះយន្តហោះដែលរដ្ឋាភិបាលកូរ៉េខាងត្បូង បញ្ជូនឲ្យទៅដឹកពលរដ្ឋកូរ៉េខាងត្បូងពីទីក្រុងវូហាន (Wuhan) របស់ចិន បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ហ្គីមផូ (Gimpo) ដែលនៅភាគខាងរដ្ឋធានីសេអ៊ូល ជាមួយប្រជាជនកូរ៉េខាងត្បូង ៣៦៨នាក់ ហើយពួកគេត្រូវបាន បញ្ជូនទៅកាន់ទីតាំងពិសេសពីរកន្លែង ដែលត្រូវបានរៀបចំដោយរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលស្ថិតនៅភាគកណ្តាលប្រទេស។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។

ពលរដ្ឋកូរ៉េខាងត្បូងសរុបចំនួន ៣៦៨នាក់ ដែលបានមកដល់ប្រទេសកំណើតវិញ តាមរយៈជើងហោះហើរពិសេសមួយរបស់អាកាសចរណ៍ Korean Air នឹងត្រូវស្នើឲ្យស្នាក់នៅវិទ្យាស្ថានជាតិអភិវឌ្ឍន៍ធនធានមនុស្ស នៅក្រុងជីនឈាន់ (Jincheon) នៃខេត្តជុងឆុងខាងជើង (North Chungcheong) និងវិទ្យាស្ថាន អភិវឌ្ឍន៍ធនធានមនុស្សនៅក្រុង អាសាន (Asan) នៃខេត្តជុងឆុងខាងត្បូង (South Chungcheong) សម្រាប់រយៈពេល ១៤ថ្ងៃ។ ក្នុងនោះវិទ្យាស្ថាននៅ Jincheon ដែលមានចម្ងាយ ៩០គីឡូម៉ែត្រភាគអាគ្នេយ៍ក្រុងសេអ៊ូល នឹងផ្ទុកពួកគេ ២០០នាក់ ហើយសល់ប៉ុន្មានទៀតត្រូវស្ថិតក្នុងវិទ្យាស្ថាននៅ Asan។

គួរជម្រាបថា ពីដំបូងឡើយពលរដ្ឋកូរ៉េខាងត្បូងសរុប ៣៦៩នាក់ ត្រូវឡើងជើងយន្តហោះខាងលើចេញពីទីក្រុង Wuhan ប៉ុន្តែមានម្នាក់ត្រូវ បានហាមឃាត់មិនឲ្យឡើងក្រោយពិនិត្យរកឃើញថា មានកើតរោគគ្រុនក្តៅ។ ជាមួយគ្នានេះរដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងគ្រោងបញ្ជូនជើងហោះហើរមួយទៀតទៅកាន់ Wuhan ខណៈពលរដ្ឋកូរ៉េខាងត្បូងសរុបប្រមាណ ៧២០នាក់ ដែលនៅទីនោះ បានដាក់ពាក្យសុំឲ្យជម្លៀសខ្លួនមកកាន់កូរ៉េខាងត្បូងវិញ។

បច្ចុប្បន្នចំនួនករណីអ្នកផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី ដែលបានផ្ទុះចេញពីក្រុង Wuhan របស់ចិន នៅក្នុងទឹកដីកូរ៉េខាងត្បូងគឺ ០៧ករណីដោយក្នុងនោះមានមួយករណី ជាការឆ្លងពីមនុស្សទៅមនុស្ស៕ អត្ថបទ៖ FreshNews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*