BREAKING NEWS

ចិនរិះគន់អាមេរិកថា មិនចេះរួមសុខទុក្ខ ក្រោយអាមេរិកប្រកាសអាសន្ន និងដាក់បំរាមធ្វើដំណើរមកចិន

Spread the love

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ជុនយីង (Hua Chunying) បានរិះគន់យ៉ាងខ្លាំងចំពោះការធ្វើអត្ថាធិប្បាយ របស់មន្ត្រីអាមេរិកមួយចំនួន ក៏ដូចជាការព្រមានពីភាពអាសន្ន នៃការធ្វើដំណើរមកកាន់ប្រទេសចិន ប្រឈមមុខនឹងការរីករាលដាលនៃវីរុសកូរ៉ូណា ដោយចាត់ទុកថា នេះគឺជាកាយវិការគ្មានបំណងល្អទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅរសៀលថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រតិកម្មរបស់លោកស្រី Chunying ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសភាពអាសន្នកម្រិតខ្ពស់ ចំពោះការធ្វើដំណើរទៅកាន់ប្រទេសចិន ដោយសារតែការផ្ទុះវីរុសកូរ៉ូណា ហើយក្នុងថ្ងៃដដែលនោះដែរ លោករដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក វ៉ាលប៊ឺ រ៉ូស (Wilbur Ross) ថែមទាំងបាននិយាយដែរថា ការរីករាលដាលនៃវីរុសដ៏សាហាវនេះ គឺជាសញ្ញាវិជ្ជកម្មមួយសម្រាប់សេដ្ឋកិច្ចអាមេរិក ដោយវាអាចជួយបង្កើនការងារ នៅក្នុងសហរដ្ឋអាមេរិកទៀតផង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Chunying បានគូសបញ្ជាក់ដូច្នេះថា «រដ្ឋាភិបាលចិនបានជូនដំណឹង ក្នុងនោះរួមមានទាំងការធ្វើបច្ចុប្បន្នភាព និងការចែករំលែកទិន្នន័យនានាជាមួយសហគមន៍អន្តរជាតិ មានទាំងសហរដ្ឋអាមេរិកផងដែរ ប្រកបដោយភាពបើកចំហរ តម្លាភាព និងភាពទទួលខុសត្រូវខ្ពស់… ខណៈប្រទេសមួយចំនួន បានផ្ដល់ការគាំទ្រដល់ចិន តាមមធ្យោបាយជាច្រើន។ ប៉ុន្តែ ការអត្ថាធិប្បាយរបស់មន្ត្រីអាមេរិកខ្លះ និងវិធានការរបស់ទីក្រុងវ៉ាស៊ីនតោន មិនមានភាពប្រាកដប្រជា និងសមរម្យនោះឡើយ ហើយស្របពេលអង្គការសុខភាពពិភពលោក (WHO) ផ្ដល់អនុសាសន៍ប្រឆាំងនឹងការរឹតត្បិតការធ្វើដំណើរ សហរដ្ឋអាមេរិកបែរជាប្រញាប់ប្រញាល ធ្វើផ្ទុយពីអនុសាសន៍នេះទៅវិញ ដែលនេះបង្ហាញពីកាយវិការគ្មានបំណងល្អទាល់តែសោះ»។

គួរជម្រាបថា ចំនួនអ្នកស្លាប់ដោយសារ វីរុសកូរ៉ូណាថ្មីបានកើនឡើងដល់ ២៥៩នាក់ហើយ និងបានឆ្លងដល់មនុស្ស ១១,៨២១នាក់នៅប្រទេសចិន និង ១២៤ករណីទៀតនៅទូទាំងពិភពលោក។ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី រុស្ស៊ី អង់គ្លេស ឥណ្ឌា ថៃ និងបារាំងជាដើម សុទ្ធតែបាន និងគ្រោងបញ្ជូន យន្ដហោះពិសេសឱ្យទៅដឹកពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាន និងខ្លះទៀតបានព្រមានពីការធ្វើដំណើរ ទៅកាន់ប្រទេសចិនផងដែរ៕ អត្ថបទ៖ FreshNews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*