សេអ៊ូល៖ ក្រុមបាតុករបានដើរហែក្បួនលើកបដាពីកន្លែងជួបជុំនៅទីលានជុងកាក់ (Junghak) ក្នុងតំបន់បូស៊ីងកាក់ (Bosinggak) ក្រុងសេអ៊ូល (Seoul) ឆ្ពោះទៅមុខសាលាក្រុងសេអ៊ូល និងថ្លែងការណ៍ពីគោលបំណងនៃទាមទារនេះ។ ក្រៅពីការទាមទារទាក់ទងនឹងវិបត្តិនយោបាយនៅកម្ពុជា ក្រុមបាតុករក៏បានប្រកាសប្រឆាំងនិងគម្រោងផ្ដល់ដី៤០ហិកតារ ទៅឱ្យជនជាតិវៀតណាមនៅខេត្តកំពង់ឆ្នាំងផងដែរ។ ក្រុមបាតុករថែមទាំងច្រៀងរៀបរាប់ពីការបាត់បង់ទឹកដីរបស់ខ្មែរទៀតផង។
បាតុករជាស្ត្រីដែលបានបញ្ចេញមតិក្នុងពេលទាមទារនេះបានផ្ញើសារប្រាប់ទៅលោក ហ៊ុន សែន ថា សន្តិភាពពិតប្រាកដមិនមែនសន្តិភាពបែបផ្ដាច់ការដូចការដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះទេ។ បាតុកររូបនេះ ស្នើទៅលោក ហ៊ុន សែន ត្រូវដោះលែងលោក កឹម សុខា និងបើកឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ៖ «សន្តិភាពពិតប្រាកដគេមិនមែននិយាយតែមាត់ដូចគាត់(លោក ហ៊ុន សែន) និយាយទេ សន្តិភាពពិតប្រាកដគឺគេផ្ដល់សិទ្ធិគ្រប់គ្រាន់ដល់ពលរដ្ឋក្នុងការបញ្ចេញមតិ ក្នុងការក្រោកឈរ ក្នុងការប្រឆាំងទង្វើរដ្ឋាភិបាល ធ្វើមិនគប្បីចំពោះខ្លួនឯងព្រោះពលរដ្ឋគ្រប់គ្រាជាម្ចាស់នៃនយោបាយទាំងអស់»។
ក្រុមបាតុករឱ្យដឹងដែរថា ការទាមទារនេះក៏ជាការបញ្ជាក់ថា ពួកគេមិនស្វាគមន៍លោក ហ៊ុន សែន ដែលគ្រោងចូលរួមកិច្ចប្រជុំ នៃអង្គការសហព័ន្ធសន្តិភាពសាកល នៅប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែកុម្ភៈ។
ប្រធានចលនាយុវជនបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង លោក យឹម ស៊ីណន ឱ្យដឹងថា ការធ្វើបាតុកម្មដែលមានពលករចូលរួមជាង២០០នាក់ ក្នុងស្ថានភាពមនុស្សជាច្រើននៅក្នុងប្រទេសនេះមិនសូវហ៊ានដើរចេញក្រៅដោយខ្លាចជំងឺរលាកផ្លូវដង្ហើមកូរ៉ូណា បែបនេះជាការបញ្ជាក់ថា ពលករខ្មែរមាន ភាពក្លាហាន ស្រលាញ់ជាតិជាងស្រលាញ់ជីវិត។
លោកបន្តថា ខ្លឹមសារសំខាន់ៗនៃបាតុកម្ម នេះគឺទាមទារឱ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា ឱ្យលោក សម រង្ស៊ី ចូលស្រុកវិញ ឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ផ្ដល់អាសនៈក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះជាតិ និងប្រឆាំងការផ្តល់ដីឱ្យជនជាតិវៀតណាមជាដើម៖ «ពលរដ្ឋកូរ៉េកំពុងខ្លាចបញ្ហាវីរុសកូរ៉ូណាមិនហ៊ានចេញដើរប៉ុន្មានទេ ប៉ុន្តែបែរជាពលរដ្ឋខ្មែររបស់យើងជាពិសេសគឺយុវជនហ្នឹងហ៊ានមកធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅទីតាំងសាធារណៈដោយមិនខ្លាចការឆ្លងមេរោគហើយគេបានបញ្ជាក់ថា ពលរដ្ឋខ្មែរយើងអត់មានរោគជាងខ្លាច ហ៊ុន សែន ដឹកនាំផ្ដាច់ការទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រតិកម្ម នៅលើប្រព័ន្ធតេឡេក្រាមរបស់លោកថ្ងៃទី០២ ខែកុម្ភៈ ថា ការធ្វើបាតុកម្មប្រឆាំងដំណើរការកាត់ទោសលោក កឹម សុខា ជាឧបាយកលពិសពុលរបស់ក្រុមដែលលោកហៅថាជា ឧទ្ទាមក្រៅច្បាប់។
ក្រុមបាតុកររំពឹងថា បើរដ្ឋាភិបាលស្ដាប់តាមការទាមទាររបស់ពួកគេ គឺកម្ពុជានឹងអាចរក្សាប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុប៕ អត្ថបទ៖ RFA
Be the first to comment