BREAKING NEWS

ក្រុមហ៊ុនមកពីអង់គ្លេស ចូលជួបរដ្ឋមន្ត្រីក្រសួងកសិកម្ម ចង់វិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ នៅកម្ពុជា

Spread the love

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យលោក Rod Bassett នាយកក្រុមហ៊ុន Unitedgreen ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីគម្រោងវិនិយោគលើវិស័យកសិកម្ម ជាពិសេស គឺការបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ។

លោក Rod Bassestt បានជម្រាបជូនលោករដ្ឋមន្រ្តី អំពីជីវប្រវត្តិរបស់ក្រុមហ៊ុន មុខរបរ ទុនវិនិយោគ រចនាសម្ព័ន្ធក្រុមហ៊ុន និងជាពិសេសគោលបំណងនៃជំនួបនាពេល នេះគឺទី១៖ ធ្វើការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ អំពីគោលនយោបាលវិនិយោគរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួង ទី២៖ ពិនិត្យលើសក្តានុពលនៃធនធានដី ទឹក និងទីផ្សារ ដើម្បីវិនិយោគលើខ្សែច្រវាក់ផលិតកម្មគោទឹកដោះ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ តាំងពីការបង្កាត់ពូជ ការដាំស្មៅជាចំណី ការចិញ្ចឹម និងរោងចក្រកែច្នៃ វេចខ្ចប់ទឹកដោះស្រស់សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ។

លោកបានបន្ថែមទៀតថា កម្ពុជាជាប្រទេសមានសក្តានុពលលើវិស័យកសិកម្ម បូករួមទាំងឱកាសអំណោយផលពេញលេញ ប៉ុន្តែនៅត្រង់ថាកម្ពុជាមិនទាន់បានចាប់ ផ្តើមអនុវត្តបច្ចេកវិទ្យា ឱ្យបានគ្រប់ចំណុចនៃខ្សែច្រវាក់ផលិតកម្ម ធ្វើឱ្យគំលាតរវាងផលិតផល ដែលផលិតដោយកសិករ និងទីផ្សារស្ថិតនៅឆ្ងាយពីគ្នា។ ដោយមើលឃើញពីបញ្ហានេះ ក្រុមហ៊ុនមានចំណាប់អារម្មណ៍ ធ្វើការរៀបចំគម្រោងវិនិយោគតាំងពីមូលដ្ឋាននៃផលិតកម្ម រហូតដល់ទីផ្សារ ដោយនាំយកទំនើបកម្មកសិកម្ម និងទំនើបកម្មកសិឧស្សាហកម្ម ជាពិសេសហិរញ្ញវត្ថុមកអនុវត្ត។

លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវឆន្ទៈគាំទ្រ និងស្វាគមន៍ចំពោះក្រុមហ៊ុន ព្រោះថា បច្ចុប្បន្នកម្ពុជាបាន និងកំពុងបោះជំហានជាវិជ្ជមាន ទៅមុខយ៉ាងលឿនគួរឱ្យកត់សម្គាល់ទាំងនយោបាយ សេដ្ឋកិច្ច សង្គម ដែលបង្កលក្ខណៈអំណោយផលយ៉ាងល្អប្រសើរ សម្រាប់វិនិយោគិនក្នុង និងក្រៅស្រុក។

ដូចអ្វីក្រុមហ៊ុនបានលើកឡើង លោករដ្ឋមន្ត្រីបានជូនយោបល់ថា ក្រុមហ៊ុនគួរចាប់ផ្តើមពីកសិដ្ឋានតូច ធ្វើជាលក្ខណៈបង្ហាញ រួចឈានទៅពង្រីកអាជីវកម្មបន្តិចម្តងៗ ស្របតាមនិន្នាការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ និងត្រូវការនៃការប្រើប្រាស់ទឹកដោះគោ។

មួយវិញទៀត លោកបានណែនាំឱ្យក្រុមហ៊ុនគួរសិក្សាឱ្យបានច្បាស់ លាស់ពីរចនាសម្ព័ន្ធគាំទ្រសំខាន់ៗដូចជាទឹក ភ្លើង និងការដឹកជញ្ជូន។ល។ ធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគ នាពេលខាងមុខដំណើរការទៅដោយរលូន។ ក្រសួងនឹងរង់ចាំ ផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះ ទទួលបានជោគជ័យដូចការគ្រោងទុក៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*