BREAKING NEWS

វេជ្ជបណ្ឌិតចិនម្នាក់ ត្រូវប្រជាជនចិនចាត់ទុកជាវីរបុរស បន្ទាប់ពីប៉ូលិសព្រមានកុំឱ្យបញ្ចេញព័ត៌មានអំពីវីរុសកូរ៉ូណានៅវូហាន

Spread the love

នៅដើមខែមករា អាជ្ញាធរនៅទីក្រុងវូហានប្រទេសចិន បានព្យាយាមបិទបាំងព័ត៌មានអំពីវីរុសកូរ៉ូណាថ្មី។​ ពេលដែលវេជ្ជបណ្ឌិតមួយរូបព្យាយាមព្រមានមិត្តរួមការងាររបស់គាត់អំពីការផ្ទុះឡើងនៃវីរុសវូហាននេះ ប៉ូលិសបានទៅជួបគាត់ហើយប្រាប់គាត់ឱ្យបញ្ឈប់សកម្មភាព។ មួយខែក្រោយមក គាត់ត្រូវបានគេសរសើរថាជាវីរបុរស បន្ទាប់ពីគាត់បានបង្ហោះរឿងរ៉ាវរបស់គាត់ពីគ្រែមន្ទីរពេទ្យ។

សារបង្ហោះរបស់គាត់មួយនេះបានចាប់ផ្តើមដោយនិយាយថា “សួស្តីអ្នករាល់គ្នា នេះគឺជា Li Wenliang គ្រូពេទ្យឯកទេសជំងឺភ្នែកនៅមន្ទីរពេទ្យ Wuhan Central Hospital”។

វាជាការជ្រាបដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលចំពោះការឆ្លើយតបដ៏អសមត្ថភាពរបស់អាជ្ញាធរមូលដ្ឋាននៅក្រុងវូហាន ក្នុងប៉ុន្មានសប្តាហ៍ដំបូងនៃការផ្ទុះឡើងនៃវីរុសនេះ។

វេជ្ជបណ្ឌិត Li កំពុងធ្វើការនៅក្នុងទីក្រុងផ្ទុះវីរុសកូរ៉ូណានៅក្នុងខែធ្នូ ពេលដែលគាត់បានសម្គាល់ឃើញថា មានករណីចំនួនប្រាំពីរនៃវីរុសមួយដែលគាត់បានគិតថាមានលក្ខណៈស្រដៀងគ្នាទៅនឹងជំងឺសា ជាវីរុសដែលបាននាំឱ្យមានការរីករាលដាលជាសកលនៅឆ្នាំ២០០៣។ ករណីទាំងនេះត្រូវបានគេគិតថាកើតចេញពីផ្សារគ្រឿងសមុទ្រ Huanan Seafood ក្នុងទីក្រុងវូហាន ហើយអ្នកជំងឺបានសម្រាកនៅមន្ទីរពេទ្យរបស់គាត់។

នៅថ្ងៃទី៣០ ខែធ្នូ គាត់បានផ្ញើសារទៅវេជ្ជបណ្ឌិតផ្សេងទៀតនៅក្នុង Group Chat ដោយព្រមានពួកគេអំពីការផ្ទុះឡើង និងណែនាំពួកគេឱ្យស្លៀកសម្លៀកបំពាក់ការពារដើម្បីចៀសវាងការឆ្លង។ អ្វីដែលវេជ្ជបណ្ឌិត Li មិនបានដឹងនៅពេលនោះ គឺថាជំងឺដែលត្រូវបានគេរកឃើញនោះគឺជាវីរុសកូរ៉ូណាឆ្លងដ៏កាចសាហាវថ្មី។

បួនថ្ងៃក្រោយមកមន្រ្តីនៃការិយាល័យសន្តិសុខសាធារណៈបានចុះមកជួបគាត់ផ្ទាល់ ដោយបានប្រាប់គាត់ឱ្យចុះហត្ថលេខាលើលិខិតមួយ។ នៅក្នុងលិខិតនោះ គាត់ត្រូវបានគេចោទប្រកាន់ពីបទ “បង្កើតព័ត៌មានក្លែងក្លាយ” ដែល “បានរំខានដល់សណ្តាប់ធ្នាប់សង្គម” យ៉ាងធ្ងន់ធ្ងរ។ ក្នុងលិខិតបានសរសេរថា “យើងព្រមានអ្នកយ៉ាងម៉ឺងម៉ាត់ : ប្រសិនបើអ្នកបន្តរឹងរូសមិនចេះកោតក្រែងបែបនេះ និងបន្តសកម្មភាពខុសច្បាប់បែបនេះទៀត អ្នកនឹងត្រូវបាននាំទៅកាត់ទោស តើយល់ហើយឬនៅ?” នៅខាងក្រោមលិខិតសរសេរដោយដៃរបស់លោក Li បានសរសេរថា “បាទ ខ្ញុំយល់”។

គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៨នាក់ដែលប៉ូលិសស៊ើបអង្កេតពីបទ “ផ្សព្វផ្សាយពាក្យចចាមអារ៉ាម”។

នៅចុងខែមករា វេជ្ជបណ្ឌិត Li បានបង្ហោះច្បាប់ចម្លងនៃលិខិតនោះនៅលើបណ្តាញសង្គម Weibo និងពន្យល់ពីអ្វីដែលបានកើតឡើង។ ក្នុងពេលភ្លាមៗ អាជ្ញាធរមូលដ្ឋានបានធ្វើការសុំទោសដល់គាត់ តែការសុំទោសនោះយឺតពេលទៅហើយ។

ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ដំបូងនៃខែមករា មន្រ្តីក្នុងទីក្រុងវូហានបានទទូចថា មានតែអ្នកដែលប៉ះពាល់ជាមួយសត្វមានមេរោគមួយនេះប៉ុណ្ណោះ ដែលអាចឆ្លងវីរុសមួយនេះបាន។ មិនមានការណែនាំណាមួយត្រូវចេញដើម្បីការពារគ្រូពេទ្យទេ។

ប៉ុន្តែនៅមួយសប្តាហ៍បន្ទាប់ពីការចុះព្រមានរបស់ប៉ូលិស លោក Li បានព្យាបាលស្ត្រីម្នាក់ដែលមានជំងឺដក់ទឹកក្នុងភ្នែក។ គាត់មិនបានដឹងថានាងបានឆ្លងវីរុសនេះទេ។ នៅក្នុងសារបង្ហោះលើ Weibo គាត់បានពិពណ៌នាអំពីរបៀបដែលគាត់ចាប់ផ្តើមក្អកនៅថ្ងៃទី១០ ខែមករា ថ្ងៃបន្ទាប់ គាត់មានអាការៈគ្រុនក្តៅ ហើយពីរថ្ងៃក្រោយមកគាត់ត្រូវសម្រាកនៅមន្ទីរពេទ្យ។ ឪពុកម្តាយរបស់គាត់ក៏ធ្លាក់ខ្លួនឈឺផងដែរ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។

១០ថ្ងៃក្រោយពោលគឺថ្ងៃទី២០ ខែមករា ប្រទេសចិនបានប្រកាសអាសន្នពីការផ្ទុះវីរុសវូហាន។

វេជ្ជបណ្ឌិត Li និយាយថាគាត់ត្រូវបានគេធ្វើតេស្តរកឃើញវីរុសកូរ៉ូណាជាច្រើនលើក តែក្រោយមកការធ្វើតេស្តឃើញអវិជ្ជមានវិញទាំងអស់។

អ្នកលេងបណ្តាញសង្គមម្នាក់បាននិយាយ “ដុកទ័រ Li គឺជាវីរបុរស” ដោយព្រួយបារម្ភអំពីអ្វីដែលរឿងរបស់គាត់ពណ៌នាទាំងស្រុងអំពីប្រទេសរបស់ពួកគេ។ “នៅថ្ងៃអនាគត គ្រូពេទ្យនឹងមានការភ័យខ្លាចក្នុងការចេញការព្រមាន មុនពេលពួកគេរកឃើញសញ្ញានៃជំងឺឆ្លង។ បរិស្ថានសុខភាពសាធារណៈដ៏មានសុវត្ថិភាពមួយ… តម្រូវចាំបាច់ត្រូវមានមនុស្សដូច Li Wenliang ដប់លាននាក់”៕ ប្រភព៖ BBC

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*