បរទេស៖ អាជ្ញាធរចិននៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី នៅទូទាំងផ្ទៃប្រទេស ក្នុងនោះចំនួនមនុស្សស្លាប់បានកើនឡើងដល់៦៣៦នាក់ និងឆ្លង៣១,១៦១នាក់នៅក្នុងខេត្ត និងតំបន់សរុបចំនួន៣១ របស់ចិន។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
រយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្ស ៧៣នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដោយក្នុងនោះ ៦៩នាក់នៅខេត្តហ៊ូប៉ី (Hubei) ម្នាក់នៅខេត្តជីលីន (Jilin), ម្នាក់នៅខេត្តហេណា (Henan), ម្នាក់នៅក្វាងទុង (Guangdong) និងម្នាក់ទៀតនៅខេត្តហៃណាន (Hainan)។ បន្ថែមពីនេះក៏មានអ្នកជំងឺ ឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៤,៨៣៣នាក់ផងដែរ។
ដោយឡែកនៅជប៉ុន រកឃើញអ្នកផ្ទុកវីរុសកូរ៉ូណា ចំនួន ៦១នាក់បន្ថែម នៅថ្ងៃសុក្រនេះ ដែលស្ថិតនៅលើកប៉ាល់កម្សាន្តមួយក្នុងទីក្រុងយ៉ូកូហាម៉ា (Yokohama) ដែលធ្វើឲ្យនៅជប៉ុនកើនឡើងរហូតដល់ ៨១នាក់៕
Be the first to comment