BREAKING NEWS

លោកផៃ សុីផាន ថារោងចក្រជាច្រើននៅកម្ពុជាអាចនឹងត្រូវបិទទ្វារ ដោយសារផលប៉ះពាល់វីរុសកូរ៉ូណាពីចិន

Spread the love

ភ្នំពេញ​៖ រោងចក្រ​មួយចំនួន​នៅ​កម្ពុជា នឹង​ប្រឈមមុខ​ព្យួរការងារ​កម្ម​ករប​ណ្ដោះ​អាសន្ន ដោយសារ​បញ្ហា​ខ្វះ​វត្ថុធាតុដើម​យកមក​កែច្នៃ​ប្រើប្រាស់ សម្រាប់​ការនាំចេញ​។ នោះ​ក៏​ព្រោះតែ​រោងចក្រ​នៅ​ប្រទេស​ចិន ដែលជា​អ្នកផ្គត់ផ្គង់​វត្ថុធាតុដើមដ៏ធំ​ដល់​កម្ពុជានោះ បាន​បិទទ្វារ ដោយសារ​បញ្ហា​វីរុស​កូ​រ៉ូ​ណា​។ នេះ​បើតាម​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​។​

​លោក ផៃ ស៊ី​ផាន បាន​សង្កត់ធ្ងន់ថា បញ្ហា​ផ្អាក​ការងារ​នៅតាម​រោងចក្រ​នេះ មិនមែន​កើតឡើង​តែ​ចំពោះ​កម្ពុ​ជាមួយ​នោះទេ ពោលគឺជាបញ្ហាប្រឈមរបស់​ប្រទេស​ជុំវិញ​ពិភពលោក​។ ថ្លែង​ក្នុង​សន្និសីទកាសែត ស្តីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួង​អប់រំ​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១០ មករា​ អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា មូលហេតុ​ដែលនាំឱ្យ​បណ្ដា​រោងចក្រ​នៅ​កម្ពុជា និង​ប្រទេស​ដទៃ​ជួប​បញ្ហា​នេះ ដោយសារតែ​ប្រទេស​ចិន ដែល​កំពុង​ជួប​បញ្ហា​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ ជា​អ្នកផ្គត់ផ្គង់​វត្ថុធាតុដើម​ដ៏​ធំជាងគេ សម្រាប់​ប្រទេស​ផលិត​នាំចេញ​។​

​តែ​យ៉ាងណា​លោក ផៃ ស៊ី​ផាន ក៏​មិនអាច​បញ្ជាក់​ឱ្យ​ច្បាស់​ថា បណ្ដា​រោងចក្រ​នៅ​កម្ពុជា​នឹងរង​ផលប៉ះពាល់​កម្រិតណា ដោយសារតែ​រោងចក្រ​ចិន​ផ្អាក​ដំណើរការ និង​បិទទ្វារ​ផ្គត់ផ្គង់​នេះ​ទេ​។

​កន្លងមក​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ក៏មិនហ៊ានធានាថា សេដ្ឋកិច្ចកម្ពុជា គ្មានបញ្ហាអ្វីកើតឡើងដែរ បើសិនជា​ករណី​វីរុស​ប្រភេទ​ថ្មី​នេះ អូសបន្លាយ​រយៈពេល​វែង​។​

​គិត​ត្រឹម​ម៉ោង​៧ ព្រឹក​ថ្ងៃទី​១០ កុម្ភៈ​នេះ តួលេខ​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​នៃ​វីរុស​កូ​រ៉ូ​ណា បាន​កើន​ឡើងដល់​៩១០​នាក់​។ ទិន្នន័យ Tracking Coronavirus របស់ BNO News ក៏បាន​បង្ហាញ​ផងដែរ​ថា អ្នកជំងឺ​ឡើងដល់​ជាង​៤០ ០០០​នាក់ ដោយ​ក្នុងនោះ ខេត្ត Hubei តែមួយ កើន​ជាង​២៥០០​ករណី​ក្នុង​១​ថ្ងៃ​។ ជាមួយគ្នានេះ អ្នកជំងឺ​ជាង​៣០០០​នាក់ បានជា​សះស្បើយ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ រីឯ​ជាង​៦៣០០​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៤​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ជប៉ុន (​បញ្ចូល​ទាំង​អ្នកជំងឺ​នៅលើ​នាវា​ទេសចរណ៍ Diamond Princess) សិង្ហ​បុរី ថៃ កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេ​ស្ប៉ា​ញ និង​បែលហ្ស៊ិក​៕ អត្ថបទ៖ ថ្មិៗ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*