សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះបញ្ហា EBA សម្តេចមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយ សូមឲ្យអឺរ៉ុបទុក EBA នោះទេ សិទ្ធិសេរីភាពនៅលើដៃរបស់អឺរ៉ុប ចង់ដក ឬទុក EBA ជាការសម្រេចរបស់អឺរ៉ុប។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនៅតែបញ្ជាក់ថា «ខ្ញុំមិនយកឯករាជ្យ អធិបតេយ្យជាតិរបស់កម្ពុជា ទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាទាំងអស់។ សូមប្រជាពលរដ្ឋកម្ពុជា គិតឲ្យច្បាស់ថា តើពេលនេះកម្ពុជាត្រូវការអ្វីពិតប្រាកដ? កម្ពុជាត្រូវការសន្តិភាព មិនអាចឲ្យអ្នកណាមកបំផ្លាញសន្តិភាពបានទេ បើទោះបីបង់ថ្លៃប៉ុណ្ណាក៏ដោយចុះ កម្ពុជាត្រូវតែជាប្រទេសដែលមានសន្តិភាព»។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសងើបឈរ ឡើងដើម្បីថែរក្សាសន្តិភាព អធិបតេយ្យភាព និងឯករាជ្យរបស់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កម្មករ កម្មការិនី សុំកុំមានភាពតក់ស្លុត ចំពោះបញ្ហា [EBA] ដែលអាចកើតមាននាពេលខាងមុខ ព្រោះរាជរដ្ឋាភិបាល ត្រៀមលក្ខណៈដោះស្រាយហើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «បើសិនមានរឿងអ្វីកើតឡើង សុំកុំស្លន់ស្លោទាក់ទងនឹងការសម្រេចចិត្តរបស់អឺរ៉ុប យ៉ាងម៉េចកុំមានការតក់ស្លុតឲ្យសោះ យើងត្រូវពឹងលើការដកដង្ហើបខ្លួនឯង»។
សូមជម្រាបថា តាមផែនការបញ្ហាសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ។ តាមព័ត៌មានក្រៅផ្លូវការ ដែលមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា EBA អាចនឹងត្រូវដកក្នុងកម្រិតមួយ ដែលមានទំហំទឹកប្រាក់ប្រមាណ៥០០លានដុល្លារក្នុង១ឆ្នាំ ចំពោះវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង។
ឆ្លើយបតនឹងភាពមិនប្រាកដ នៃបញ្ហាប្រពន្ធអនុគ្រោះពន្ធ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់ថវិកាចំនួន៣ភាគរយនៃសេដ្ឋកិច្ចជាតិ ដែលស្មើនឹងប្រមាណ៧០០លានដុល្លារក្នុង១ឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំ៕
Be the first to comment