BREAKING NEWS

មិនដឹងទប់បានប៉ុណ្ណាទេពេលនេះ ខណៈអង្គការសុខភាពពិភពលោកប្រកាសថា វ៉ាក់សាំងអាចរួចរាល់អំឡុង១៨ខែទៀត

Spread the love

ការរីករាលដាលនៃជំងឺផ្លូវដង្ហើមដែលបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតសម្រាប់ពិភពលោក ហើយគប្បីចាត់ទុកជា «សត្រូវសាធារណៈលេខ១ » ។ ប្រមុខអង្គការសុខភាពពិភពលោក (WHO) អះអាងបែបនេះនៅថ្ងៃអង្គារ ១១ ខែកុម្ភៈ។ បើតាមលោក Tedros Adhanom Ghebreyesus អាសន្នកូរ៉ូណាវីរុសប្រភេទថ្មីនេះ គឺសាហាវជាងការវាយប្រហារដោយ «ភេរវកម្ម» ខណៈវ៉ាក់សាំងអាចមានអំឡុង១៨ខែទៀត។

អំឡុងសន្និសីទព័ត៌មាននាទីក្រុង ហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃ ១១ ខែកុម្ភៈ លោកអគ្គនាយក Tedros Adhanom Ghebreyesus គូសបញ្ជាក់ថា៖«និយាយដោយស្មោះត្រង់ទៅ វីរុសមួយនេះ គឺមានឥទ្ធិពលខ្លាំងក្លាក្នុងការបង្កើតភាពវឹកវរទាំងផ្នែកនយោបាយ សង្គម និងសេដ្ឋកិច្ច ច្រើនជាងការវាយប្រហារពីសំណាក់ក្រុមភេរវជនទៅទៀត»។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក សង្កត់ធ្ងន់ថា កូរ៉ូណាវីរុសប្រភេទថ្មីនេះ ដែលទើបទទួលបានឈ្មោះផ្លូវការថា «COVID-19» អាចមានផលវិបាកធំធេងជាងសកម្មភាពដែលបង្កឡើងដោយក្រុមភេរវជន។ ត្រង់នេះ លោក Tedros អះអាងថា៖ «ប្រសិនបើពិភពលោកពុំចង់ភ្ញាក់ពីដំណេក ហើយមិនចាត់ទុកវីរុសនេះជាសត្រូវសាធារណៈលេខមួយទេនោះ ខ្ញុំគិតថាយើងនឹងមិនអាចរៀនសូត្រមេរៀនរបស់យើងបានឡើយ»។

ខណៈអ្នកស្លាប់ព្រោះជំងឺរលាកសួតបង្កឡើយដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) ឡើងដល់១១១៥ នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ១២ ខែកុម្ភៈនេះ ប្រមុខអង្គការ WHO បានលើកឡើងថា វ៉ាក់សាំងដំបូង អាចនឹងរួចរាល់ក្នុងរយៈពេល ១៨ ខែ។ ដូច្នេះហើយ លោក Tedros បានទទូចឲ្យប្រទេសទាំងអស់បង្កើតវិធានការចាំបាច់រៀងៗខ្លួនដើម្បីទប់ស្កាត់វីរុសនេះ ជាពិសេស ក្នុងប្រទេសយ៉ាងតិច ៣០ ដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។

នៅចំពោះមុខអ្នកស្រាវជ្រាវជាង ៤០០នាក់ ប្រមុខអង្គការសុខភាពពិភពលោករូបនេះ អះអាងថា ខណៈ ៩៩ ភាគរយនៃករណីឆ្លងកើតឡើងក្នុងប្រទេសចិន វានៅតែជាអាសន្នដ៏ធំធេងសម្រាប់ប្រទេសអាស៊ីមួយនេះ។ យ៉ាងណាមិញ លោក សង្កត់ធ្ងន់ថា វាក៏បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូលផងដែរ៕ អត្ថបទ៖ ថ្មីៗ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*