BREAKING NEWS

ប្រធានអង្គការសុខភាពពិភពលោក អរគុណសម្តេច ហ៊ុន សែន ដែលអនុញ្ញាតឲ្យនាវា Westerdam ចូលចត

Spread the love

លោក Tedros Adhanom Ghebreyesus ដែលជាអគ្គនាយកអង្គការសុខភាពពិភពលោក​បានសរសេរបែបនេះក្នុងគណនីផ្លូវការ Twitter របស់ខ្លួនដូច្នេះ៖ «ការថ្លែងអំណរគុណអស់ពីចិត្តចំពោះរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការបើកផ្លួវឲ្យនាវា Westerdam ចូលសំចតនៅក្រុងព្រះសីហនុឆាប់ៗនេះ។»
«វាជាសកម្មភាពមួយបង្ហាញពីសាមគ្គីភាពដែលគួរឲ្យស្វាគមន៍ក្នុងពេលដែលពិភពលោកយើងមានឱកាសក្នុងការបញ្ឈប់កូរ៉ូណាវីរុស COVID19 និងបញ្ចៀសរាល់ភាពភ័យខ្លាច»។ ប្រធានអង្គការសុខភាពពិភពលោកបានបញ្ជាក់បន្ថែម​​បែបនេះ។

តាមពិតទៅការសម្រេចអនុញ្ញាតឲ្យនាវាដឹកអ្នកដំណើររបស់ក្រុមហ៊ុន Holland America Line ធ្វើឡើងបន្ទាប់ពីនាវាដែលដឹកអ្នកដំណើររហូតដល់ ​១៤៥៥​នាក់ និង​អ្នកបម្រើ​ក ៨០២ នាក់នេះត្រូវបានបដិេសធ​​ឲ្យ​ចូល​ចត​ពី​សំណាក់​ប្រទេស ហ្វីលីពីន ថៃ ជប៉ុន កោះ​តៃវ៉ាន់ និងកោះ ហ្គាម ក្រោមហេតុផលភ័យខ្លាចការរាតត្បាតនៃកូរ៉ូណាវីរុស COVID19។

ទាក់ទិននឹងការសម្រេចចិត្តនេះដែរ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន នាយប់ថ្ងៃទី ១២​ កុម្ភៈក៏បានបកស្រាយថា ការផ្ដល់ទីតាំងឱ្យនាវាអាមេរិកចតនេះ គឺដើម្បីជួយសង្រ្គោះមនុស្សនៅជាប់លើនាវាដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ។ នាយករដ្ឋមន្ត្រីបន្តថា ទង្វើរបែបនេះបង្ហាញពីការងារមនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជា សម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។

បើតាមការបញ្ជាក់ពីសំណាក់ក្រុមហ៊ុនក្នុងសេចក្តីប្រកាសព័ត៌មានខ្លួនថ្ងៃ ១២​ កុម្ភៈ មិនមានអ្នកជំងឺណាមួយធ្លាក់ខ្លួនឈឺឡើយ ហើយអ្នកដំណើរ​ដែល​ជិះ​លើ​នាវា​នេះ ស្ថិតក្រោម​ការត្រួតពិនិត្យ​សុខ​ភាពជា​ទៀងទាត់​ផង។ ​

ទាក់ទិននឹងភ្ងៀវទេសចរស្ថិតនៅលើនាវាដែរ ក្រុមហ៊ុន Holland America Line បានបញ្ជាក់ផងដែរថា បើមិនមានការប្រែប្រួលទេ នាវា Westerdam នឹងមកដល់កំពង់ផែខេត្តព្រះសីហនុនៅថ្ងៃព្រហស្បតិ៍នេះ ហើយភ្ងៀវទេសចរទាំងអស់នឹងចាកចេញពីនាវា រួចបន្តដំណើរតាមយន្តហោះមកកាន់រាជធានីភ្នំពេញ និងបន្តចាកចេញទៅកាន់មាតុភូមិរបស់ខ្លួន។

ក្រុមហ៊ុននេះបញ្ជាក់ផងដែរថា ខ្លួនក៏នឹងរៀបចំ និងចេញរាល់ថ្លៃចំណាយលើសំបុត្រយន្តហោះសម្រាប់អតិថិជនទាំងអស់ក្នុងការចាកចេញពីកម្ពុជាទៅកាន់ប្រទេសកំណើតរៀងខ្លួន៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*