BREAKING NEWS

មិនដឹងមានវាសនាយ៉ាងណាទៀតទេ! ចិនសម្រេច ដកតំណែង​លេខា​បក្ស​កុម្មុយនីស្ត​ខេត្ត​ហ៊ូ​ប៉ី និង​ទីក្រុង​វូ​ហាន​ ក្រោយមានវិបត្តិវីរុសកូរ៉ូណា

Spread the love

បក្ស​កុម្មុយនីស្ត​ចិន បាន​ដក​លោក ជាំ​ង ឆាវ​លាំង (Jiang Chaoliang) ពី​តំណែង​លេខា​បក្ស​ប្រចាំខេត្ត​ហ៊ូ​ប៉ី ដែល​កំពុង​អុកឡុក​ដោយ​កូ​រ៉ូ​ណាវី​រុស​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ​។ លេខា​បក្ស​វូ​ហាន ក៏ត្រូវ​អស់តំណែង​ដូចគ្នា​ដែរ​។ មិនមាន​មូលហេតុ ត្រូវបាន​បញ្ជា​ក់លើ​ការដកតំណែង​នេះឡើយ ប៉ុន្តែ​ទំនងជា​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​ជំងឺ COVID-19 ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​។​

​លោក អ៊ីង យ៉ុង (Ying Yong) ត្រូវបានតែងតាំង​ជា​លេខា​បក្ស​កុម្មុយនីស្ត​ចិន​ខេត្ត​ហ៊ូ​ប៉ី ជំនួស​លោក ជាំ​ង ឆាវ​លាំង ។ នេះ​ជាការ​ប្រកាស​ខ្លី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ប៉ុន្តែ​មិនបាន​បញ្ជាក់​មូលហេតុ​នៃ​ការដោះដូរ​តំណែង​កំពូល​ប្រចាំខេត្ត​ហ៊ូ​ប៉ី​ឡើយ​។ លោក អ៊ីង យ៉ុង វ័យ​៦២​ឆ្នាំ ជា​អភិបាល​ទីក្រុង​សៀង​ហៃ​។ លោក ជាំ​ង ក្លាយជា​មន្ត្រី​ចិន​ថ្នាក់ខ្ពស់​បំផុត​ដែល​ត្រូវអស់​តំណែង​ដោយសារ​កូ​រ៉ូ​ណា​វីរុស​នេះ​។ ជា​លេខា​បក្ស លោក ជាំ​ង ជា​មន្ត្រី​កំពូល​ក្ដាប់​កិច្ចការ​ទាំងអស់​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​។​

​ក្រោយ​ការប្រកាស​ការដកតំណែង​លោក ជាំ​ង បន្តិច ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន ក៏​ចេញផ្សាយ​ការផ្លាស់ប្ដូរ​តំណែង​លេខា​បក្ស​ទីក្រុង​វូ​ហាន​ទៀត​។ លោក ម៉ា គ័​រ​ឈាំ​ង (Ma Guoqiang) លេខា​បក្ស​កុម្មុយនីស្ត​ចិន​ទីក្រុង​វូ​ហាន​ដែលជា​ចំណុច​ផ្ដើម​នៃ​កូ​រ៉ូ​ណាវី​រុស ត្រូវបាន​ដកចេញ​ពី​តំណែង ហើយ​ជំនួស​ដោយ​លោក វ៉ាង ចុង​លីន (Wang Zhonglin) ។ លោក វ៉ាង ក៏ត្រូវ​បានតែងតាំង​ជា​សមាជិក​គណៈកម្មាធិកា​រប​ក្ស​ខេត្ត​ហ៊ូ​ប៉ី​ផងដែរ​។

​ការឆ្លើយតប​យឺតយ៉ាវ និង​ការសង្ស័យ​ពី​ការ​លាក់បាំង​នឹង​ជំងឺ COVID-19 ដែល​ផ្ទុះ​ចេញពី​ទីក្រុង​វូ​ហាន អាចជា​ដើមហេតុ​នៃ​ការដកតំណែង​មន្ត្រី​គ្រាក់ៗ​ទាំងពីរ​នេះ​។ រដ្ឋាភិបាល​ចិន រង​ការរិះគន់​ខ្លាំង​ចំពោះ​ការឆ្លើយ​នឹង​ការ​រាលដាល​កូ​រ៉ូ​ណា​វីរុស​នេះ ដែល​បច្ចុប្បន្ន​បានសម្លាប់​មនុស្ស​ច្រើនជាង​មួយ​ពាន់​នាក់ និង​រាប់​ម៉ឺ​នាក់​ទៀត​ឆ្លង​វីរុស​ដែល​មិនទាន់​ថ្នាំ​ព្យាបាល​។ ពាក្យរិះគន់​ផ្ទុះ​កាន់តែខ្លាំង ក្រោយ​មរណភាព​របស់​វេជ្ជបណ្ឌិត​ម្នាក់​ដែល​ព្រមាន​ពី​ការផ្ទុះ​កូ​រ៉ូ​ណាវី​រុស​នេះ​មុនគេ​។​

​បើតាម Xinhua ការដកតំណែង​លេខា​បក្ស​ទាំងពីរ​នេះ ធ្វើឡើង​ក្រោម​ការសម្រេចចិត្ត​របស់​គណៈ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ។ គណៈកម្មាធិកា​អចិន្ត្រៃយ៍​គណៈ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ក្រោម​ការដឹកនាំ​ផ្ទាល់​របស់លោក ស៊ី ជិន​ភីង ដែលជា​អគ្គលេខា​គណៈ​មជ្ឈិមបក្ស និង​ជា​ប្រធានាធិបតី​ចិន​ផង​។ ការសម្រេចចិត្ត​ដកតំណែង ទំនង​ត្រូវ​បានសម្រេច​នៅក្នុង​កិច្ចប្រជុំ​នេះ​តែម្ដង​។

​នៅ​ដើម​សប្ដាហ៍​នេះ មន្ត្រីជាន់ខ្ពស់​ផ្នែក​សុខាភិបាល​ពីររូប​នៅ​ហ៊ូ​ប៉ី ក៏​របូត​តំណែង​ផងដែរ​។ ក្នុងនោះ មាន​លេខា​បក្ស​នៃ​គណៈកម្មការ​សុខាភិបាល​ខេត្ត និង​នាយក​គណៈកម្មការ​សុខាភិបាល​ដែល​ទទួលបន្ទុក​ការងារ​ទប់ស្កាត់ និង​គ្រប់គ្រង​កូ​រ៉ូ​ណាវី​រុស​។ ដើម្បី​ដោះស្រាយ​បញ្ហា​ក្ដៅគគុក​នេះ ទីក្រុង​ប៉េកាំង បាន​បញ្ជូន​មន្ត្រី​សំខាន់​ចំនួន​ពីរ​នាក់​ទៅ​ទប់ទល់​ស្ថានការណ៍​ផងដែរ​៕ អត្ថបទ៖ ថ្មីៗ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*