អ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (2019-nCoV) ឡើងដល់នាក់១៥២៣នាក់ហើយ បើគិតត្រឹមម៉ោង៧ ព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ នេះ។ ស្របពេលជាមួយគ្នា អេហ្ស៊ីប បានប្រកាសពីការរកឃើញករណីដំបូងនៅក្នុងប្រទេសរបស់ខ្លួន និងជាប្រទេសដំបូងបំផុតនៅអាហ្វ្រិក ដែលបានរកឃើញវត្តមានអ្នកកើតជំងឺដែលកំពុងរាតត្បាតមួយនេះ។
ទិន្នន័យ ncov.dxy.cn និង BNO News បង្ហាញផងដែរថា តួលេខអ្នកជំងឺកើនឡើងដល់ប្រមាណ៦៧ ០០០នាក់ នៅប្រទេសចំនួន២៦ ដោយភាគច្រើនបំផុតនៅចិន ជាពិសេសនៅក្រុងវូហានដែលជាកន្លែងផ្ទុះជំងឺ។ អ្នកជំងឺជាង១០០០០នាក់ ត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ រីឯប្រមាណ៧៧០០នាក់ បានសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ ប្រទេស២៥ផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុសរួមមាន ជប៉ុន (បញ្ចូលទាំងអ្នកជំងឺនៅលើនាវាទេសចរណ៍ Diamond Princess) ថៃ សិង្ហបុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេមីរ៉ាតអារ៉ាប់រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេស្ប៉ាញ បែលហ្ស៊ិក និងអេហ្ស៊ីប៕ អត្ថបទ៖ ថ្មីៗ
Be the first to comment