BREAKING NEWS

អង្គការទេសចរណ៍ពិភពលោក (UNWTO) កោតសរសើរទឹកចិត្តមនុស្សធម៌ កម្ពុជា ដែលអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកំពង់ផែក្រុង ព្រះសីហនុ

Spread the love

អង្គការទេសចរណ៍ពិភពលោក (UNWTO) កោតសរសើរទឹកចិត្តមនុស្សធម៌ កម្ពុជា ដែលអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកំពង់ផែក្រុង ព្រះសីហនុ
អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) បានផ្ញើលិខិតកោតសរសើរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ទឹកចិត្តប្រកបដោយមនុស្សធម៌ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យ នាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ កុម្ភៈ។
ក្នុងលិខិតរបស់ អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក បានបញ្ជាក់ថា៖ «ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ក្នុងនាមអង្គការទេសចរណ៍ពិភពលោក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបប្រកបដោយមនុស្សធម៌គួរឲ្យកត់សម្គាល់ចំពោះស្ថានភាពដ៏លំបាកនៃនាវាទេសចរណ៍ MS Westerdam ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអនុញ្ញាតឲ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ បើទោះបីស្ថិតក្នុងស្ថានភាពភ័យខ្លាចគំរាមកំហែងពីជំងឺវីរុសកូរ៉ូណាក៏ដោយ»។
ក្នុងលិខិតលោក Zurab Pololikashvili បានបន្តទៀតថា «ខ្ញុំសូមគូសបញ្ជាក់ថា អង្គការទេសចរណ៍ពិភពលោកសូមកោតសរសើរដ៏ស្មោះចំពោះសេចក្តីក្លាហាន និងការបង្ហាញយ៉ាងកក់ក្តៅនូវក្តីស្រលាញ់ជាលក្ខណៈបងប្អូន ជូនចំពោះអ្នកដំណើរជាងពីរពាន់នាក់ ដែលនៅតែលតោលលើសមុទ្រ»។
លិខិតនេះបានបន្តថា ដូចយើងទាំងអស់គ្នាបានដឹងហើយ ការរីករាលដាលនៃជំងឺវីរ៉ុសកូរ៉ូណានា(Covid-19) ពេលបច្ចុប្បន្ននេះ គឺជាប្រភពនៃការព្រួយបារម្ភចំពោះសហគមន៍អន្តរជាតិ ហើយការខិតខំប្រឹងប្រែងដើម្បីទប់ទល់ការឆ្លងនៃវីរ៉ុស Covid-19 និងការបង្កើតនូវការព្យាបាលមួយ គឺជាការងារបន្ទាន់ចាំបាច់ដែលត្រូវដឹកនាំអនុវត្តដោយអង្គការសុខភាពពិភពលោក (WHO)។
សូមជម្រាបថា នាវាទេសចរណ៍ Westerdam ដឹកមនុស្សសរុប ចំនួន ២,២៥៧នាក់ ក្នុងនោះមានភ្ញៀវទេចរណ៍ចំនួន ១,៤៥៥នាក់ និងបុគ្គលិកលើនាវាចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បានបដិសេធមិនឲ្យចូលចត ដោយសារតែការព្រួយបារម្ភភ័យខ្លាចភ្ញៀវទេសចរណ៍លើនាវាអាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
នាវា Westerdam ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ និងសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅទទួលស្វាគមន៍ភ្ញៀវទេសចរណ៍លើនាវា Westerdam ដោយផ្ទាល់កាលពីថ្ងៃទី១៤ ខែកុម្ភៈ៕ (Credit : Town)

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*