BREAKING NEWS

ឆ្នាំបង១៨ ទើបតែពេញវ័យរមាស់ដៃលួចម៉ូតូគេ បានតែពីរថ្ងៃ ជាប់ខ្នោះដៃប៉ូលីស

Spread the love

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងសិរីសោភ័ណ ធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួន នៅចំណុចក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីគេបានធ្វើសកម្មភាពលួចយកម៉ូតូ របស់សិស្សសាលាម្នាក់ គេចខ្លួនបាន២ថ្ងៃ ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ៖ បន្ទាប់ពីមានករណីចោរលួចយកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាក បន្ទាយមានជ័យ 1U 5998 ពីកន្លែងផ្ញើម៉ូតូ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានម្ចាស់ឈ្មោះ ភឿន កេសី ភេទស្រី អាយុ១៥ ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាសិស្សវិទ្យាល័យសិរីសោភ័ណ ។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលក្រុងសិរីសោភ័ណ ធ្វើការស្រាវជ្រាវតាមរកមុខសញ្ញាបង្កល្មើស និងដោយមានកាម៉េរ៉ាសុវត្ថិភាពផងនោះ កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវនិងកំណត់បាននូវមុខសញ្ញាជនបង្កល្មើស ។លុះនៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០ កម្លាំងនគរ​ បាលយើងបានធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ណាប់ សុខា ភេទប្រុសអាយុ ១៨ឆ្នាំ នៅចំណុចហាង TBR នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ យកមកសាកសួរចម្លើយ រួមទាំងម៉ូតតូ១គ្រឿងរបស់ជនរងគ្រោះផងដែរ។

លោកអធិការបានបញ្ជាក់ថា ៖ ក្រោយពីឃាត់ខ្លួន និងសាកសួរចម្លើយជនសង្ស័យមានសារភាពថា ៖ គេពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ របស់យុវសិស្សវិទ្យាល័យសិរីសោភ័ណនោះមែន ។ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ និងការដកហូតបានវត្ថុតាងជាក់ស្តែងម៉ូតូរបស់ជនរងគ្រោះ ដែលជនល្មើសបានលួចផងនោះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកម៉ូតូបានធ្វើការប្រគល់ជូនម្ចាស់ដើមវិញហើយដែរ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*