កម្ពុជាតាមរយៈក្រសួងការបរទេសបានបញ្ជូនកំណត់ទូតម្នាក់អោយទៅវ៉ាជាមួយនឹងប្រទេសម៉ាឡេស៊ី ដែលបានប្រកាសថា រកឃើញស្រ្តីជនជាតិអាមេរិកកាំងម្នាក់ វ័យជាង ៨០ឆ្នាំ មានផ្ទុកមេរោគកូរ៉ូណា ខណៈដែលស្រ្តីរូបនេះ គឺទើបនឹងបានចាកចេញពីនាវា Westerdam ដែលចតនៅផែក្រុងព្រះសីហនុថ្ងៃមុន ។
កាលពីយប់ថ្ងៃសៅរ៍ អាជ្ញាធរ និងមន្ត្រីសុខាភិបាលម៉ាឡេស៊ីបានរកឃើញថា អ្នកដំណើរម្នាក់តាមនាវា MS Westerdam ដែលបានចុះចតនៅកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍មានផ្ទុកមេរោគកូរ៉ូណាវីរុស Covid-19 បន្ទាប់ពីស្រ្តីវ័យ ៨៣ឆ្នាំ ជនជាតិអាមេរិកកាំង បានធ្វើដំណើរតាមយន្តហោះពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់ម៉ាឡេស៊ី FMT ។
មន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Noor Hisham Abdullah ត្រូវបានដកស្រង់សម្តីតាមសារព័ត៌មាន Malaysiakini ថា ការត្រួតពិនិត្យសុខភាពនៅអាកាសយានដ្ឋានកូឡាឡាំពួរបានរកឃើញថា អ្នកធ្វើដំណើរពីររូប ក្នុងនោះរួមមានស្ត្រីជនជាតិអាមេរិកាំងម្នាក់ដែលធ្វើដំណើរពីកម្ពុជា មានអាការៈសុខភាពដែលអាចបង្កឡើងដោយមេរោគកូរ៉ូណាវីរុស។
ប៉ុន្តែភ្លាមៗក្រោយការចេញផ្សាយនេះ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញ អំពីលទ្ធផលនៃការធ្វើតេស្ត ។ តាមរយៈលិខិតឆ្លើយតបនេះ ក្រសួងសុខាភិបាលកម្ពុជាបានលើកឡើងថា គឺស្នើឡើងនេះ ដើម្បីបញ្ជាក់ភាពសុក្រឹតឡើងវិញ។
យ៉ាងណា ក្រសួងការបរទេសនៃប្រទេសកម្ពុជា នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈនេះ បានបញ្ជូនកំណត់ទូត ទៅកាន់ស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ភ្ជាប់នឹងលិខិតរបស់រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង ជូនរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី។
បើតាមកម្ពុជាបានប្រកាសថា ក្រុមគ្រូពេទ្យកម្ពុជា មិនមែនធ្វើឡើងតែឯកឯងនោះទេ ពោលគឺបានសហការជាមួយអង្គការសុខភាពពិភពលោក ព្រមទាំងក្រុមគ្រូពេទ្យនៃអាមេរិក ដោយបានពិនិត្យលើក្រុមអ្នកដំណើរលើនាវាទេសចរណ៍អាមេរិក Westerdam សរុបជាង ២០០០ នាក់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត មុននឹងអនុញ្ញាតឲ្យអ្នកដំណើរទាំងអស់ ចុះពីនាវានោះ។ ប៉ុន្តែជាលទ្ធផល មិនមានអ្នកដំណើរណាម្នាក់ មានផ្ទុកមេរោគ កូរ៉ូណា Covid-19 ឡើយ សូម្បីតែក្រុមអ្នកទេសចរ ២០នាក់ ដែលមានបញ្ហាសុខភាព មិនស្រួលខ្លួន ៕ អត្ថបទ៖ oneplaykh.com
Be the first to comment