ប្រធានមន្ទីរពេទ្យឈានមុខមួយនៅក្រុងវូហាន ដែលជាស្នូលនៃការផ្ទុះជម្ងឺCOVID-19 បានស្លាប់ដោយជម្ងឺបង្កឡើងពីកូរ៉ូណាវីរុសកាលពីម៉ោង១០កន្លះ ព្រឹកថ្ងៃអង្គារទី១៨កុម្ភៈ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន បន្ទាប់ពីកាលពីថ្ងៃចន្ទមន្ត្រីសុខាភិបាលចិនបានបដិសេធរបាយការណ៍សារព័ត៌មានអំពីការស្លាប់របស់លោក។
ការស្លាប់របស់វេជ្ជបណ្ឌិត លីវ ហ្ស៊ីមីញ ប្រធានមន្ទីរពេទ្យWuhan Wuchang Hospitalជាការបាត់បង់វេជ្ជបណ្ឌិតឆ្នើមទី២ដោយសារវីរុសកំណាចនេះ ក្រោយពីវេជ្ជបណ្ឌិត លី វេនលៀង បានស្លាប់ផងដែរកាលពីពេលមុននេះក្នុងខែនេះ។លោកលី វេនលៀងត្រូវបានអាជ្ញាធរហៅទៅស្តីបន្ទោសចំពោះការព្រមានអំពីកូរ៉ូណាវីរុសមុនគេ។
សូមបញ្ជាក់ថា បុគ្គលិកពេទ្យរាប់ម៉ឺននាក់ រួមមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក គិលានុបដ្ឋាយិកា កំពុងប្រយុទ្ធទល់នឹងកូរ៉ូណាវីរុសCOVID-19 នៅទូទាំងប្រទេសចិនជាពិសេសនៅខេត្តហ៊ូប៉ី និងក្រុងវូហាននៃខេត្តនេះ។
ស្ថានភាពជម្ងឺរបស់លោកលីវ ហាក់ច្របូកច្របល់បន្តិច ដោយកាលពីយប់ថ្ងៃចន្ទ នាយកដ្ឋានឃោសនាបក្សខេត្តបានសរសេរបង្ហោះថា លោកលីវបានស្លាប់ តែបន្តិចក្រោយមកថានៅមានជីវិតនៅឡើយទេ។
បើតាមសាច់ញាតិរបស់លោកលីវ គ្រូពេទ្យនៃមន្ទីរពេទ្យបានព្យាយាមខិតខំអស់ពីសមត្ថភាពដើម្បីសង្គ្រោះជីវិតរបស់លោក និងមិនបានបញ្ជូនសារអកុសលណាទេពាក់ព័ន្ធលោកលី រហូតទាល់តែទូរទស្សន៍ផ្សាយកាលពីព្រឹកថ្ងៃអង្គារ។
វីរុសដែលមានឈ្មោះថា COVID-19បានចម្លងទៅបុគ្គលិកពេទ្យ១.៧១៦នាក់គិតត្រឹមថ្ងៃសុក្រសប្តាហ៍មុន និងបានសម្លាប់ពួកគេ៧នាក់ហើយ៕ អត្ថបទ៖ រស្មីកម្ពុជា
Be the first to comment