BREAKING NEWS

នាយពាក់មី ប្រកាសបោះទុន១០មុឺនដុល្លាផ្តាច់មុខចែកចាយស្រាបៀរ បម្រើជូនបងប្អូននៅខេត្តស្វាយរៀងឲ្យបានសប្បាយ

Spread the love

តារាកំប្លែងលោកចែម ចាន់តារា ហៅនាយពាក់មី បានដាក់ទុកដំណាក់កាលដំបូង ចំនួន១០ម៉ឺនដុល្លារ ធ្វើជាអ្នកចែកចែកផ្ដាច់មុខរបស់ស្រាបៀរ Iceberg ប្រចាំនៅទីរួមខេត្តស្វាយរៀង។

តារាកំប្លែងល្បីឈ្មោះរូបនេះបានបង្ហាញខ្លួនចូលរួមកម្មវិធីជួបជុំសំណេះសំណាលតំណាងចែកចាយស្រាបៀរ Iceberg ទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែល ភោគិត្រា ភ្នំពេញ។

នាយពាក់មី បានឲ្យដឹងថា នាយចំណាយថវិកាមិនក្រោម១០ម៉ឺនដុល្លារឡើយ លើមុខរបរថ្មីនេះ ព្រោះជាដំបូងត្រូវការទិញស្រាបៀរស្តុកទុកយ៉ាងហោចណាស់ក៏១ម៉ឺនកេសដែរ ព្រមទាំងចំណាយទៅលើការទិញរថយន្ដ២ទៅ៣គ្រឿង សម្រាប់ដឹកជញ្ជូន រួមទាំងប្រាក់ខែបុគ្គលិកមួយចំនួនទៀត។

នាយមានការរំពឹងខ្ពស់ចំពោះមុខជំនួញថ្មីមួយនេះ ហើយមូលហេតុដែលនាយបានងាកមករកស៊ីជាច្រើនមុខ ក្រៅពីសិល្បៈនេះ ដោយសារនាយមិនចង់ក្រ ចង់មានបាន ព្រោះខ្លាចពេលចាស់ទៅ លេងសិល្បៈមិនកើតអ ត់លុយចិញ្ចឹមប្រពន្ធកូន និងឪពុកម្ដាយ ហេតុនេះហើយបានជានាយប្រឹងរកលុយឲ្យហើយ ទាន់នៅមានឱកាស។

ក្រៅពីអាជីពកំប្លែងនាយពាក់មី បានងាកទៅរកស៊ីផ្នែកអចលនទ្រព្យ ដោយសង់ផ្ទះវីឡាលក់នៅខេត្តកំពង់ចាម និងបាត់ដំបងផងដែរ មុនពេលដែលនាយក្លាយជាអ្នកលក់ផ្ដាច់មុខស្រាបៀរ Iceberg ប្រចាំខេត្តស្វាយរៀងនេះ។

ប៉ុន្ដែតារាកំប្លែង CTN រូបនេះថា ទោះជាមហាញឹកយ៉ាងណា ក៏នាយនៅតែបន្ដអាជីពសិល្បៈដោយមិនបោះបង់អាជីពចាស់នេះឡើយ ហើយពេលនេះនាយកំពុងដឹកនាំ និងថតសម្ដែងរឿង ”លោកប្ដី វគ្គ២” ប៉ះជាមួយរឿងរបស់នាយគ្រឿន ”ជួបស៊យ វគ្គ៣” របស់ផលិតកម្ម LD ផងដែរ។ នាយថា នឹងនិពន្ធរឿងថ្មីៗទៀតទាក់ទងល្បិចប្ដី ហើយបើនិយាយពីរឿងល្បិចប្ដីវិញ ទោះជាឲ្យនាយនិពន្ធ១០រឿងទៀត ក៏មិនទាន់អស់ដែរ ព្រោះប្ដីមានល្បិចប៉ុន្មានជាមួយប្រពន្ធនៅក្នុងខួរក្បាលនាយទាំងអស់។

ទោះជាយ៉ាងណា នៅពេលដែលត្រូវសួរថា តើនាយពាក់មី មានចង់ក្លាយទៅជាឧកញ៉ាដូចនាយឃ្លោក ដែរឬអត់នោះ?

តារាកំប្លែងដែលដាក់ទុនធំដល់ទៅ១០ម៉ឺនដុល្លារ ក្លាយទៅជាអ្នកចែកចាយស្រាបៀរ Iceberg​ផ្ដាច់មុខនៅខេត្តស្វាយរៀង រូបនេះថា នាយមិនចង់ធ្វើជាឧកញ៉ាទេ ព្រោះនាយចង់ធ្វើជាសិល្បករងាយស្រួលរកលុយជាង។ នាយថា ធ្វើអ្នកតូច ស្រួលដើរហើរផឹកស៊ីជាងធ្វើអ្នកធំ៕ អត្ថបទ៖ នគរធំ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*