BREAKING NEWS

សម្តេចតេជោ ហ៊ុនសែន មិនទាន់អស់ចិត្ត ចង់ឲ្យខាង WHO ធ្វើការជាមួយម៉ាឡេស៊ីផ្ទាល់ បន្តធ្វើតេស្តស្រ្តីអាមេរិក ដែលមានផ្ទុកវីរុសកូរ៉ូណា

Spread the love

បើទោះបីជាម៉ាឡេស៊ី ធ្វើតេស្តដល់ទៅពីរដងលើស្រ្តីជនជាតិអាមេរិកវ័យ៨៣ឆ្នាំម្នាក់ ហើយលទ្ធផលនៅតែបង្ហាញដដែលថា គាត់ ពិតជាផ្ទុកវីរុស COVID-19 ក៏ដោយ តែសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែមិនទាន់អស់ចិត្ត ហើយក៏មិនទាន់ជឿមួយរយភាគរយដែរ។ ស្រ្តីអាមេរិករូបនោះ ជាអ្នកទេសចរលើនាវា Westerdam ដែលបានចេញពីកម្ពុជា ទៅកាន់ម៉ាឡេស៊ី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

សម្តេចនាយករដ្ឋមន្រ្តី លើកជាចម្ងល់ពីរយ៉ាងថា ទីមួយ ហេតុអ្វី នៅលើនាវា Westerdam មិនមានអ្នកទេសចរណាម្នាក់ កើតឬឆ្លងវីរុស COVID-19 ពីស្រ្តីអាមរិករូបនោះ? ហើយទីពីរ សូម្បីតែស្វាមីរបស់គាត់ ដែលសម្រាន្ត ហូបពិសា និង ដើរកាន់ដៃគ្នា តើហេតុអ្វី បែរជាមិនឆ្លង? លើកជាចម្ងល់បែបនេះរួចហើយ សម្តេច ក៏បានហៅករណីនេះថា ដូជាចម្លែកបន្តិច ហើយបានចោទជាសំណួរថា៖«ករណីកើតឡើងនៅឯម៉ាឡេស៊ី វា ប្រាកដហើយឬនៅ?»។

ប្រមុខរដ្ឋាភិបាលកម្ពុជា មានជំនឿថា បើអង្គការសុខភាពពិភពលោក (WHO) ទទួលបានការគាំទ្រ និងការសហការពេញលេញពីអាជ្ញាធរម៉ាឡេស៊ី ច្បាស់ជាអាចរកឃើញបញ្ហានេះពិតប្រាកដថា ស្រ្តីអាមេរិកនោះ មានវីរុស COVID-19 មែន ឬយ៉ាងណា។

នាពិពីប្រគល់សញ្ញាបត្រជូនគរុសិស្ស-គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល លើកយោបល់ថា៖«ខ្ញុំ គិតថា វា ជាបញ្ហាដែលអង្គការសុខភាពពិភពលោក និង ម្ចាស់កប៉ាល់ ក៏ដូចជាក្រសួងសុខាភិបាលយើង សហការជាមួយខាងម៉ាឡេស៊ី ដើម្បីស្វែងរកតទៅទៀត»។

ស្រ្តីជនជាតិអាមេរិក និង ស្វាមី រួមទាំងអ្នកផ្សេងទៀត ដែលជាអ្នកទេសចរតាមនាវា Westerdam បានធ្វើដំណើរពីកម្ពុជា ទៅម៉ាឡេស៊ី ដើម្បីបន្តជើងហោះ ទៅប្រទេសរបស់ពួកគេ។ អ្នកទាំងនោះ បានចាកចេញពីម៉ាឡេស៊ី ទៅប្រទេសរបស់ពួកគេរៀងៗខ្លួន តែក៏មានមួយចំនួន ត្រូវបានធ្វើតេស្តរកវីរុស COVID-19 ដោយក្នុងនោះ រកឃើញលើស្រ្តីជនជាតិអាមេរិកម្នាក់។

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរម៉ាឡេស៊ី ក៏បានប្រកាសព័ត៌មានពីការរកឃើញវីរុស COVID-19 លើស្រ្តីអាមេរិកនោះ។ ដោយមិនអស់ចិត្ត កម្ពុជា បានស្នើឲ្យម៉ាឡេស៊ី ធ្វើតេស្តស្រ្តីអាមេរិកនោះសាជាថ្មី។ តែលទ្ធផលលើកពីរ នៅតែដូចមុនដដែលគឺ បង្ហាញថា ស្រ្តីអាមេរិកនោះ​ ពិតជាមានវីរុស COVID-19 មែន៕ អត្ថបទ៖ ថ្មីៗ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*