BREAKING NEWS

បិតស្គុតម៉ូតូ រញ៉េរញៃ ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ ចាប់ផាកពិន័យ

Spread the love

(ភ្នំពេញ)៖ យុវជនម្នាក់បានស្រែកផ្អើលឆោឡោ ក្រោយពីសមត្ថកិច្ចជំនាញចរាចរណ៍ បានចាប់ម៉ូតូរបស់ខ្លួន ដោយសារតែយុវជនខាងលើ បានបិទស្កុតម៉ូតូរញ៉េរញ៉ៃខុសស្តង់ដារបច្ចេកទេស។ ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង ២៖២០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដែលស្ថិតនៅរង្វង់មូលគួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍ដែលឈរជេីងនៅគោលដៅខាងលើ បានប្រាប់ឲ្យភ្នាក់ងារ Fresh News ដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ នៅរង្វង់មូលគួចកាណុងជារៀងរាល់ថ្ងៃ។ ពេលនោះស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HC-0368 បានបិតស្គុតរញ៉េរញ៉ៃខុសពីបច្ចេកទេស ទើបកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ហៅឈប់ និងត្រួតពិនិត្យកាតគ្រីម៉ូតូ ដេីម្បីផ្ទៀងផ្ទាត់។

ក្រោយពីធ្វើការផ្ទៀងផ្ទាត់រួចមក សមត្ថកិច្ចជំនាញចរាចរណ៍បានយកម៉ូតូយុវជនខាងលើទៅផាកពិន័យនៅគោលដៅចរាចរណ៍ នៅជិតស្ពានអាកាសពេទ្យលោកសង្ឃ ដែលជាគោលដៅប្រចាំការរបស់សមត្ថកិច្ចជំនាញ។ ខណៈពេលដែលធ្វេីដំណេីរមកដល់ចំណុចស្តុបផ្ទះសំណាក់ស្រែលាភ ជិតវត្តនាគវ័ន្ត ស្រាប់តែយុវជនខាងលើបានស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដែលធ្វេីដំណេីរតាមផ្លូវនោះ ចោមរោមមេីលគ្រប់គ្នា។ ភ្លាមៗនោះ សមត្ថកិច្ចជំនាញចរាចរណ៍ខាងលើ បានទាក់ទងតាមវិទ្យុ ID ដេីម្បីឲ្យសមត្ថកិច្ចដែលនៅជិតគោលដៅនេះ ឡេីងមកជួយ។

ក្រោយពីធ្វើការទំនាក់ទំនងឲ្យសមត្ថកិច្ចជំនាញឡើងមកជួយរួចមក កម្លាំងសមត្ថកិច្ចបាននាំយុវជន និងម៉ូតូខាងលេីទៅកាន់ការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ Credit : Fresh News Asia

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*