ខេត្តព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាឲ្យបិទ មន្ទីរពេទ្យរបស់ជនជាតិចិនមួយ ដែលមានឈ្មោះថា «ថៃ ខាង»បន្ទាប់ពីរកឃើញថាមន្ទីរពេទ្យនេះគ្មានលិខិតអនុញ្ញាតិពីក្រសួងសុខាភិបាល និងបានបំភ្លៃព័ត៌មានពាក់ព័ន្ធវីរុសកូរ៉ូណា (COVID-19) ។
អាជ្ញាធរខេត្តព្រះសីហនុ បានចុះបិទមន្ទីពេទ្យដែលមានឈ្មោះថា «ថៃ ខាង» នេះនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក គួច ចំរើន បានធ្វើការលើកឡើងឲ្យដឹងថា នៅប៉ុន្មានថ្ងៃមុននេះមានជនជាតិចិនម្នាក់ឈ្មោះ Su YongYun បានទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យខាងលើនេះ ដោយមិនមានអាការៈក្តៅខ្លួននោះទេ នៅពេលនោះមន្ទីរពិនិត្យសង្ស័យថា មានវីរុសកូរ៉ូណា។ បន្ទាប់ពីកើតមានដំណឹងនេះ លោកភិបាលខេត្តបានអន្តរាគមន៍ភ្លាមៗ ដោយសម្រេចយកសំណាករបស់ជនជាតិចិន ដែលសង្ស័យនោះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ តែលទ្ធផលជនជាតិចិនរូបនោះ មិនមានវីរុសកូរ៉ូណានោះទេ។
នៅប៉ុន្មានថ្ងៃក្រោយមកទៀត ជនជាតិចិនដដែលរូបនោះ បានទៅពិនិត្យនៅមន្ទីរពេទ្យ ថៃ ខាង ជាថ្មី ហើយមន្ទីរពេទ្យនេះ នៅតែបំភ័យអ្នកជំងឺថា មានជំងឺកូរ៉ូណា។ ដោយមិនអស់ចិត្តឈ្មោះ Su YongYun បានមកពិនិត្យនៅមន្ទីរពេទ្យឯកជនមួយ នៅភ្នំពេញ ហើយមន្ទីរពេទ្យនោះក៏បញ្ជូនសំណាក របស់ឈ្មោះ Su YongYun ទៅពិនិត្យជាថ្មីម្តងទៀត នៅវិទ្យាស្ថានប៉ាស្ទ័រ តែលទ្ធផលបញ្ជាក់ថា គ្មានវីរុសកូរ៉ូណាទេ។
អាជ្ញាធរខេត្តព្រះសីហនុ បានបញ្ចាក់ឲ្យដឹងថាមូលហេតុដែលអាជ្ញាធរចុះបិទមន្ទីពេទ្យដែលមានឈ្មោះថា «ថៃ ខាង» នេះគឺដោយសារតែបន្ទីពេទ្យខាងលើនេះបើកដំណើរការដោយគ្មានលិខិតអនុញ្ញាតពី ក្រសួងសុខាភិបាល និងបានបំភ្លៃព័ត៌មានពាក់ព័ន្ធវីរុសកូរ៉ូណា (COVID-19)ដែលនាំឲ្យមានភាពចលាចលដល់សង្គម៕
Be the first to comment