ស្ត្រីជនជាតិអាមេរិកដែលជាអ្នកដំណើរលើនាវា Westerdam ហើយមានកូរ៉ូណាវីរុស លែងមានវីរុសនេះក្នុងខ្លួនទៀតហើយ។ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Wan Azizah Wan Ismail ប្រកាសបែបនេះនៅថ្ងៃទី២១ ខែកុម្ភៈ។ ទោះអស់វីរុសប្រភេទថ្មីនេះមែន ស្ត្រីអាមេរិកវ័យ៨៣ឆ្នាំរូបនេះ ត្រូវបន្តស្នាក់នៅមន្ទីរពេទ្យមួយរយៈពេលទៀតសិន។
អ្នកស្រី Wan Azizah Wan Ismail ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និយាយថា ស្ត្រីជនជាតិអាមេរិកដែលជាអ្នកដំណើរលើនាវា Westerdam នោះ ត្រូវបានធ្វើតេស្តជាបន្តបន្ទាប់ ហើយលទ្ធផលបង្ហាញថា មិនមានវីរុសដែលបង្កទៅជាជំងឺរលាកសួតធ្ងន់ធ្ងរ (COVID-19) ឡើយ។ ស្រ្តីវ័យ៨៣ឆ្នាំនេះ ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh ។
«ការធ្វើតេស្តរបស់អ្នកស្រី បានចេញមកអវិជ្ជមាន។» អ្នកស្រី Wan Azizah បញ្ជាក់បែបនេះដែលត្រូវបានផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star ។
ប៉ុន្តែ អ្នកជំងឺរូបនេះ បន្តស្ថិតនៅមន្ទីរពេទ្យសិន មុននឹងអនុញ្ញាតឲ្យចាកចេញ។ ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រកាសពីព័ត៌មាននេះក្រោយជំនួបគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុក COVID-19៕ អត្ថបទ៖ ថ្មីៗ
Be the first to comment