BREAKING NEWS

ច្បាស់ដូចថ្ងៃ!!! អភិបាលស្រុកសង្គមថ្មីថា ករណីឆេះស្ពានស្ទឹងស្តៅ បណ្តាលមកពីភ្លើងឆេះព្រៃ…

Spread the love

(ព្រះវិហារ)៖ លោក ជុំ ពុយ អភិបាលស្រុកស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ករណីឆេះស្ពានស្ទឹងស្តៅ ភូមិត្រពាំងធ្លក ឃុំស្តៅ ស្រុកសង្គមថ្មី បណ្តាលមកពីភ្លើងឆេះព្រៃរាលមក ប៉ុន្តែនៅថ្ងៃនេះដែរ អាជ្ញាធរស្រុក នឹងដឹកនាំកម្លាំងចុះរុះរើ និងសាងសង់ស្ពានថ្មីបណ្តោះអាសន្នវិញ។

លោកអភិបាលស្រុក បានថ្លែងឲ្យដឹងទៀតថា ករណីឆេះស្ពានស្ទឹងស្តៅនេះ គឺកើតឡើងកាលពីវេលាម៉ោង ២រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ហើយកម្លាំងសមត្ថកិច្ច បានសហការជាមួយគ្រូបង្រៀន និងប្រជាពលរដ្ឋបានធ្វើការពន្លត់រួចម្តងហើយ ប៉ុន្តែដោយសារការមើលមិនបានសព្វជ្រុងជ្រោយ ធ្វើឲ្យនៅសល់រងើកភ្លើងខ្លះបណ្តាល ឲ្យឆេះម្តងទៀតនៅម៉ោង ១០យប់។

ក្រោយពីមានការរាយការណ៍ពីលោកមេភូមិ លោកបានបញ្ជាកម្លាំងឲ្យប៉ុស្តិ៍រដ្ឋបាល សហការជាមួយគ្រូបង្រៀន និងប្រជាពលរដ្ឋមានគ្នាប្រហែល ៣០នាក់ ទៅធ្វើការពន្លត់ម្តងទៀត ប៉ុន្តែមិនអាចពន្លត់បានដោយសារភ្លើងឆេះខ្លាំងពេក ដែលជាហេតុបង្កឲ្យមានការសោកស្តាយជាខ្លាំង។

លោកអភិបាលស្រុក បានគូសបញ្ជាក់ទៀតថា ទាក់ទិននិងការរិះគន់ថា លោកមិនមានវិធានការ ហើយបែរជាខឹងលោកបេននោះ លោកអត់មានការខឹងសម្បានោះទេ។ ផ្ទុយទៅវិញពេលនេះ លោកកំពុងរកដំណោះស្រាយ ដោយសហការជាមួយមន្ត្រីឧទ្យានុរ័ក្ស មន្ទីរបរិស្ថានខេត្ត និងកម្លាំងពាក់ព័ន្ធ ដើម្បីរកឈើធ្វើស្ពាននេះឡើងវិញ។ ដោយឡែក ចំពោះមុខសញ្ញាដែលគេចោទប្រកាន់ថា មានជនខិលខូចលួចដុតស្ពាន ឬក៏បណ្តាលមកពីភ្លើងឆេះព្រៃនោះ គឺលោកបានឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវសិន។

សូមបញ្ជាក់ថា ស្ពានស្ទឹងស្តៅ ដែលរងការឆេះនេះ គឺជាស្ពានដែលមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ ស្ពាននេះបំរើឲ្យផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ មិនត្រឹមតែលោកបេននោះទេ។

តាមរយៈវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ កាលពីខែមុន ប្រជាពលរដ្ឋបានស្នើសុំសាងសង់ស្ពាននេះឡើងវិញចំនួន ២កន្លែង។

ជាមួយគ្នានោះ មន្ទីរសាធារណការខេត្ត បានសន្យាសាងសង់ស្ពានដែកបាឡេឲ្យទាំង ២កន្លែងនេះផងដែរ ហើយនៅថ្ងៃនេះដែរលោក ជុំ ពុយ នឹងដឹកនាំកម្លាំងចុះរុះរើស្ពានដែលឆេះនេះ និងសាងសង់ស្ពានឈើថ្មីជំនួសវិញ៕ អត្ថបទ៖ FreshNews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*