រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសចាត់វិធានការផ្លូវច្បាប់ទៅលើគេហទំព័រ ឬទំព័រហ្វេសបុកណាដែលបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ដែលរដ្ឋាភិបាលថា ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ខណៈអ្នកដែលចែករំលែកព័ត៌មានទាំងនោះក៏ប្រឈមមុខផ្លូវច្បាប់ផងដែរ។
ក្នុងពិធីផ្សព្វផ្សាយសេចក្ដីប្រកាសអន្តរក្រសួងនៅព្រឹកថ្ងៃទី ៤ កក្កដានេះ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ បានថ្លែងថា ចាប់ពីថ្ងៃស្អែកទៅ ក្រសួងទាំងបីនឹងផ្តើមអនុវត្តន៍នូវសេចក្តីប្រកាសអន្តរក្រសួងដើម្បីទប់ស្កាត់ព័ត៌មានមិនពិត ខណៈលោកបញ្ជាក់ថា អ្នកដែលចែករំលែកព័ត៌មានទាំងនោះ ក៏នឹងប្រឈមមុខនឹងច្បាប់ទាំងអស់។
អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ បានលើកឡើងថា « ដឹងមិនដឹងទេ(ប្រជាពលរដ្ឋ) តែធ្វើខុស គឺចាប់សិនហើយ មើលទៅមើលមុនដំបូងទី អ្នកណាក៏ជិះម៉ូតូអត់ពាក់ពួក និងកញ្ចក់ដែរ ដល់ពេលចាប់ទៅ គឺព្រាតដូចតែគ្នាតើ។ អញ្ចឹង ខ្ញុំគិតថា វិធានការច្បាប់ គឺស្មើគ្នាចំពោះប្រជាជនទាំងអស់។ […] ខាងនោះថាshare យកៗតាមចិត្តខ្ញុំ share យកៗ គឺជាប់(គុក)ហើយ។ ហើយខ្ញុំគ្មានចិត្តថា គាត់អត់ចេះសោះ Share យកទេ ព្រោះខ្ញុំសាកហើយ ទិញទូរស័ព្ទឲ្យម្តាយខ្ញុំ ២ឆ្នាំហើយ បើកសំឡេងធម៌អត់ចេញទេ អញ្ចឹងខ្ញុំអត់ជឿថា អត់ចេះអីសោះ Share យកៗបានទេ»
ការប្រកាសចាប់ខ្លួនអ្នកដែលចែកចាយព័ត៌មានមិនពិតនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០២កក្កដាកន្លងមកនេះ បានបញ្ជាទៅកាន់ស្ថាប័នជំនាញ ឲ្យរៀបចំដំឡើងម៉ាស៊ីនសម្រាប់តាមដានសកម្មភាពអ្នកប្រើប្រាស់បណ្តាញសង្គម។
សេចក្ដីប្រកាសកាលពីថ្ងៃទី២៨ ខែឧសភា ដែលធ្វើឡើងដោយក្រសួងព័ត៌មាន ក្រសួងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ បានសម្រេចចាត់តាំងអង្គភាពជំនាញរៀងៗខ្លួន ក្នុងការសហការតាមដាន សិក្សាស្រាវជ្រាវ ស្វែងរកការធ្វើអាជីវកម្ម និងការផ្សព្វផ្សាយល្មើសច្បាប់តាមគេហទំព័រ និងបណ្តាញសង្គម ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។
Be the first to comment