BREAKING NEWS

ទំនាស់ដីធ្លីអ្នកធំៗ លោក លី សាម៉េត បបួលលោកអភិបាលខេត្ត ម៉ៅ ភិរុណ ទៅស្បថនៅមុខព្រះអង្គដងកើ ដើម្បីបង្ហាញភាពស្មោះត្រង់

Spread the love

កណ្តាល ៖ រឿង​ទំនាស់​ដីធ្លីកន្លងមក ដែលចោទ​ប្រកាន់​​គ្នា​ទៅ​វិញ​ទៅ​មក រវាង​លោក លី សាម៉េត អគ្គ​នាយក​រង​ក្រុម​ហ៊ុន​អេងឌីប៉ូ ជា​មួយ​នឹង​លោក ម៉ៅ ភិរុណ អភិបាល​ខេត្ត​កណ្តាល កំពុង​ក្តៅគគុក ហើយ​លោក លី សាម៉េត ប្តឹង​លោក​លោក ម៉ៅ ភិរុណ ទៅ​សម្តេច​តេជោ ឲ្យ​ជួយ​អន្តរាគមន៍។

លោក លី សាម៉េត បានមកស្បថនៅមុខព្រះអង្គដងកើរួចហើយនៅម៉ោង ៤:៣០នាទីល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ដូចតាមការសន្យាដើម្បីបង្ហាញពីភាពស្មោះត្រង់ ដែលលោកអភិបាលខេត្ត ម៉ៅ ភិរុណ ធ្វើរបាយការណ៍ជូនសម្តេចតេជោ ចោទក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ថារំលោភយកដីប្រជាពលរដ្ឋនៅឃុំកំពង់អុសនោះគឺជារឿងមិនពិត។

ហេតុដូច្នេះបានជាលោក លី សាម៉េត មកស្បថដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋ និងលោក ម៉ៅ ភិរុណ បានឃើញនឹងពិចារណាចុះ។ តាមការពិតប្រជាពលរដ្ឋដែលលោកចោទថាមានទំនាស់ជាមួយក្រុមហ៊ុននោះមិនមែនជាប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់អុសទេ ផ្ទុយទៅវិញសុទ្ធតែឈ្មួញ និង ឧកញ៉ា នៅរាជធានីភ្នំពេញ និងអ្នកក្រៅប្រទេស ក្នុងនោះក៏មាន ឈ្មោះភឹម ភីរ៉ា អភិបាលស្រុកល្វាឯម ដែលជាកូនរបស់លោកម៉ៅ ភិរុណ និង ឈ្មោះមួយចំនួនទៀត ដូចជា: ហុង សេងហេង, សេង ចាយ, ជឹម ម៉េងអាន, វ៉ា សារិទ្ធ, នួន សារី, គីម គឹមហាច, ហុង កៃហេង, រស់ គង់, អ៊ូ ប៊ន, ឈាង ចិន្តា, ស៊ួន គឹមស្រុន, ម៉ឹង សុលាប••។ល។

បើ​តាម​លោក​ផែង វណ្ណៈ បាន​សរសេរ​លើផេក​ហ្វេសប៊ុក​ថា លោក​ម៉ៅ ភិរុណ អភិបាល​ខេត្ត​កណ្ដាល ជា​អភិបាល​ខេត្ត​ម្នាក់ ដែល​ឈ្មួញ​មិន​អាចយក លុយ​មក​ទិញ​បាន តែប្រជា​ពលរដ្ឋ​ខេត្ត​កណ្ដាល គោរព​ស្រឡាញ់ លោក ម៉ៅ ភិរុណ គ្រប់ៗ​គ្នា ។ ជា​ពិសេស​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ ដោយ​ឈ្មួញ​រំលោភ​យក​ដីធ្លី​ត្រូវ​បាន លោក ម៉ៅ ភិរុណ ជួយ​រក​យុត្តិធម៌​ឲ្យ​ប្រជា​ពលរដ្ឋ ដោយ​មិន​ដែល​យក​លុយ​កាក់ ពីប្រជា​ពលរដ្ឋ​ម្នាក់​ណា​ឡើយ ។ ប៉ុន្តែ​ទង្វើ​របស់ លោក ម៉ៅ ភិរុណ ដែល​ការពារ​ផល​ប្រយោជន៍​ប្រជាជន បែរជា​ត្រូវ​ឈ្មួញ និង មន្ត្រី​ខិលខូច​ការពារ​ឈ្មួញ​ខ្លះ លាប​ពណ៌​ចោទ​ប្រកាន់​​ខុស​ការ​ពិត​តែម្ដង ។ បើ​តាម​ថ្មីៗ​នេះ ខ្ញុំ​ឃើញឈ្មួញរក​ស៊ី​ម្នាក់​​តាំង​ខ្លួន​ជា​គ្រូ​មា បង្ហោះ​ព័ត៌មាន​តាម Facebook ចោទ​ប្រកាន់ លោក​ម៉ៅ ភិរុណ ថា​បាន​យកដី​ពលរដ្ឋ​លក់​អោយ​ឈ្មួញ គឺជា​រឿង​មិន​ពិត ។

លោកលី សាម៉េតបានបញ្ជាក់នៅក្នុងហ្វេសប៊ុកលោកកន្លងទៅថា តែ​នៅ​ពេល​នេះ សូម​សម្តេច​មេត្តា​អភ័យទោស​និង​ពិចារណា ឱ្យ​ខ្ញុំ​បាទ​ដើរ​ផ្លូវ​ណា? បើ​លោក​អភិបាល​ខេត្ត ម៉ៅ ភិរុណ ធ្វើ​របាយការណ៍​ភូតកុហក​សម្តេច ដើម្បី​យកដី​ក្រុម​ហ៊ុន​ខ្ញុំ​បាទ​ទៅ​ចែក​គ្នា​អស់​រលីង​ហើយ មិន​តែ​ប៉ុណ្ណោះ​ប្តឹង​ខ្ញុំ​បាទ​ដើម្បី​យក​ទៅ​ដាក់​គុក​ទៀត។

ខ្ញុំ​បាទ​សូម​ជំរាប​សម្តេច​ដោយ​ត្រង់​ថា ខ្ញុំ​បាទ​មិន​ចង់​ស្រាតខោ​ខ្លួន​ឯង​ឱ្យ​អ្នក​ដទៃ​ឃើញ​ទេ តែ​ពេល​នេះ​ខ្ញុំ​បាទ​ទាល់ច្រក​ហើយ​មិន​ដឹង​ដើរ​ផ្លូវ​ណាទេ? ពី​ព្រោះ​លោក​អភិបាល​ខេត្ត ម៉ៅ ភិរុណ យក​ទ្រព្យ​សម្បត្តិ​ខ្ញុំ​បាទ​ដែល​មាន​ទាំង​ប៉ុន្មាន​យក​ទៅ​ហែក​ចែក​គ្នា​អស់​រលីង​ហើយ តើ​គួរ​ឱ្យ​ខ្ញុំ​បាទ​ធ្វើ​យ៉ាង​ដូចម្ដេច? ៕

ប្រភព៖ លី សាម៉េត

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*