BREAKING NEWS

ហួសចិត្តតុលាការស្រុកខ្មែរ៖ ចិនបុកចោរស្លាប់ជាប់គុក ឯមន្ត្រីនគរបាលស្រវឹងបើកបុកនិស្សិតស្លាប់រួចខ្លួន

Spread the love

រាជធានី​ភ្នំពេញ៖ទីបំផុត ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ស្ត្រីជន​ជាតិចិន​ម្នាក់ ជា​ផ្លូវការ​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែសីហា នេះ ដែល​បាន​បើករថយន្ត​បំ​បុក​ចោរឆក់​ទូរស័ព្ទ​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់ និង​ម្នាក់​ទៀត​របួសធ្ងន់ ។

លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំ​អាច​ទំនាក់ទំនង​សុំ​ការ​បញ្ជាក់​បាន​ទេ នា​ល្ងាច​ថ្ងៃ​ដដែល​នេះ ដោយសារ​លោក​ជាប់​បេសកកម្ម​នៅ​ក្រៅប្រទេស ។

ប៉ុន្តែ​ប្រភព​ព័ត៌មាន​គួរ​ឱ្យ​ទុកចិត្ត​មួយ បាន​បង្ហើប​ប្រាប់​ថា កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ស្ត្រីជន​ជាតិចិន​រូប​នេះ ចំនួន​៣​បទល្មើស គឺ​ទី​១ បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ទី​២​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរណភាព​នៃ​ជន​រង​គ្រោះ តាម​មាត្រា​២១៨ និង​មាត្រា​២២៤​នៃ​ក្រមព្រហ្មទណ្ឌ និង​ទី​៣ ពី​បទ បើកបរ​គ្មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ តាម​មាត្រា​៧៥​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សារព័ត៌មាន​ក្នុងស្រុក​ផ្សាយ​អោយ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ជន​ត្រូវ​ចោទ និង​សំណុំរឿង ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

នៅ​ដំណាក់កាល​នេះ ចៅក្រម​ស៊ើបសួរ​នឹង​សម្រេច​ថា ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​រូប​នេះ ។ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ ។

សូម​បញ្ជាក់​ថា បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ កំណត់​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ។ បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរណភាព​នៃ​ជន​រង​គ្រោះ តាម​មាត្រា​២២៤ នៃ​ក្រមព្រហ្មទណ្ឌ កំណត់​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧​ឆ្នាំទៅ​១៥​ឆ្នាំ ។ ដោយឡែក​បទល្មើស​បើកបរ​គ្មាន​ប័ណ្ណបើកបរ កំណត់​ការ​ពិន័យ​ជា​ប្រាក់​ពី​១០​ម៉ឺន​រៀល​ទៅ​៨០​ម៉ឺន​រៀល ។

រឿង​ក្តី​នេះ​លោក​បណ្ឌិត​សុខ ទូច ក៏​បញ្ចេញមតិ​ក្នុង​ឋានៈ​ជា​ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា ផង​ដែរ​ថា «​វា​គួរតែ​នាំ​ប៉ូលិស ឬ​អាជ្ញាធរ ដែល​ពាក់ព័ន្ធ​ទៅ​តុលាការ​ដែរ ព្រោះ​គ្មាន​សមត្ថភាព​រក្សា​សន្តិសុខ​ជូន​ដល់​ប្រជាជន​ស្លូតត្រង់​។ បើ​ខ្ញុំ​ក៏​ធ្វើ​បែប​នេះ​ដែរ ព្រោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ចំពោះ​ក្រុម​នេះ​ច្រើន​ណាស់​។ គួរ​ត្រូវ​ផ្ដល់​មេដាយ​ដល់​ស្ត្រី​នេះ បើសិន​រឿង​នេះ​ជា​ការ​ពិត ។ យើង​ដឹង​ថា ធ្វើ​បែប​នេះ​ជា​ទោសឧក្រិដ្ឋ តែ​ក្រុម​នេះ​សាហាវ​ណាស់​។ គួរតែ​បង្កើត​ច្បាប់​ដោយឡែក​ទៅ​លើ​ជន​បែប​នេះ​» ។

បើ​តាម​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បញ្ជាក់​ថា នៅ​ថ្ងៃអាទិត្យ ទី​១២ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​២៤ និង​១០​នាទី មាន​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា (​បើករថយន្ត​ដេញ​បុក​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ​ស្លាប់​-​របួស​) នៅ​ចំណុច​ផ្លូវ​លេខ​១២៣ កែង​ផ្លូវ​លេខ​៤៥៦ មុខ​ផ្ទះ​លេខ​៥៤ ក្រុម​២២ ភូមិ​៤ សង្កាត់​ទួល ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ អ្នក​រង​របួសធ្ងន់ ប្រុស​ម្នាក់ និង​ស្លាប់​ប្រុស​ម្នាក់ ជា​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ ​។

ជនសង្ស័យ​ឈ្មោះ សា​រុន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៨ ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ ២៥០ ផ្លូវ​លេខ​៤៦០ ក្រុម​២២ ភូមិ​៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រង​របួសធ្ងន់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង ឈ្មោះ បេ សុភា​ដេ​វីត ភេទ ប្រុស អាយុ​២៤ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៣២A ផ្លូវ​លេខ​២៨០ ក្រុម៤៣ ភូមិ៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រង​របួសធ្ងន់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

ស្ត្រី​សង្ស័យ​ឃាត់ខ្លួន​ឈ្មោះ YUAN TANG ថា​ង យៀន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មិន​ចាំ​លេខ​លិខិតឆ្លងដែន មិន​បាន​យក​មក​តាម​ខ្លួន ជា​អ្នក បើករថយន្ត ។

វត្ថុ​តាង​ដកហូត ម៉ូតូ ០១​គ្រឿង​ម៉ាក ​SCOOPY ពណ៌​ស ស្លាក​លេខ ភ្នំពេញ​1CL-7241 ( របស់​អ្នក​ឆក់​ទូរស័ព្ទ​ដៃ​ខូចខាត​យ៉ាងដំណំ ) , រថយន្ត​ម៉ាក​LEXUS RX-300 ពណ៌​ស ស្លាក​លេខ 2AN-9745 ភ្នំពេញ ( ខូចខាត​ដូច​គ្នា ) និង​ទូរស័ព្ទ​ដៃ​០១ គ្រឿង ម៉ាក Meitu ពណ៌​ខ្មៅ​-​បៃតង លេខ​ស៊ី​ម 096 696 7899 ( បែក​អេ​ក្រង់ របស់​ជនសង្ស័យ បើករថយន្ត​​បុក ) ។

រឿងហេតុ មុន​ពេល​កើតហេតុ​ឈ្មោះ សា​រុន ពិសិដ្ឋ និង​ឈ្មោះ បេ សុភា​ដេ​វីត បាន​ជិះ​ម៉ូតូ ០១ គ្រឿង​ខាងលើ ឌុ​ប​គ្នា មក​ដល់​ចំណុច​មុខ​ផ្ទះ​កើតហេតុ​ខាងលើ ឃើញ​ស្ត្រី​ជាតិចិន និង​មិត្ត​ភ័​ក្រ​ម្នាក់​ទៀត ឈប់​រថយន្ត​តេ​ទូរស័ព្ទ ចំហរ​កញ្ចក់ ខាង​មុខ​ផ្នែក​ខាងឆ្វេង ហើយ​ឈ្មោះ សា​រុន ពិសិដ្ឋ និង​ឈ្មោះ បេ សុភា​ដេ​វីត ក៏​ធ្វើ​សកម្មភាព​ឆក់ យក​ទូរស័ព្ទ​ដៃ ជន ជាតិ ចិន​ឈ្មោះ Yuan Tang បាន​សម្រេច រួច បើក​ម៉ូតូ​គេចខ្លួន​។ ភ្លាម​នោះ​ស្ត្រី​ជាតិចិន​ឈ្មោះ Yuan Tang ដែល​ជា ម្ចាស់ ទូរស័ព្ទ បាន​បើករថយន្ត​ដេញ​តាម​បុក​ម៉ូតូ ពីក្រោយ​បណ្តាល​ឲ្យ ដួល​ខ្ទាត់​ទៅ​ក្បែរ​ជញ្ជាំង​របង​ផ្ទះ​លេខ​៣៩ ផ្លូវ​លេខ ១២៣ កែង ផ្លូវ​លេខ​៤៥៦ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់ ទៅ​មន្ទីរ ពេទ្យ​មិត្ត ភាព​ខ្មែរ​-​រុ​ស្ស៊ី ។

លុះដល់​ម៉ោង០២និង៥០នាទី​ រំលង​អា​ធ្រា​ត្រ ចូល​ដល់​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ​២០១៨ អ្នក​ឆក់​ទូរស័ព្ទ​ឈ្មោះ បេ សុភា​ដេ​វីត បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​មន្ទី​ពេទ្យ​រុ​ស្ស៊ី សព​តម្កល់​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួល ។ ចំណែក​អ្នក​ឆក់​ម្នាក់​ទៀត​ឈ្មោះ សា​រុន ពិសិដ្ឋ សន្លប់​មិន​ទាន់​ដឹងខ្លួន កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​រុ​ស្ស៊ី ។ រីឯ​ជនសង្ស័យ​ដែល​ជា​អ្នក​បើកឡាន​ដេញ​បុក​ខាងលើ រួម​វត្ថុ​តាង បាន​ឃាត់ខ្លួន​និង បញ្ជូន​មក​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត ៕

……………………………………….

ស្ងាត់ៗលោក ជួន សុរាសី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញដោះលែង មន្ត្រីនគរបាលម្នាក់បើកបរថយន្ដបុកលើនិស្សិតប្រុសម្នាក់ស្លាប់ នៅខណ្ឌទួលគោក ឲ្យទៅផ្ទះវិញហើយ។

ភ្នំពេញ៖បើយោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថានៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ លោក ជួន សុរាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានដោះលែង ជនត្រូវជាប់ចោទម្នាក់ មានឈ្មោះអ៊ុច ឆាយ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ នគរបាល ពីបទបើកបរ ដោយធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន បើករថយន្តក្រោមស្ថានភាពស្រវឹងជោកជាំ បុកទៅលើជនរងគ្រោះម្នាក់ ជានិស្សិតស្លាប់ភ្លាមៗ នៅខណ្ឌទួលគោក ឲ្យទៅផ្ទះវិញហើយ ។

ប្រភពបន្តថា លោក ខាំ សុផារី ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះអ៊ុច ឆាយ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ នគរបាល បណ្តាលឲ្យស្លាប់អ្នកដ៏ទៃ ដោយអចេតនា យោងតាមមាត្រា៨៥ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក។

ក្រោយសម្រេចចោទប្រកាន់លើជនត្រូវជាប់ចោទលោក ខាំ សុផារី បានបញ្ជូនសំណុំរឿងទៅឲ្យ ចៅក្រមស៊ើបសួរ ចាត់ការបន្ត ដោយមិនស្នើសុំឲ្យ ចៅក្រមស៊ើបសួរ ឃុំខ្លួនជនត្រូវជាប់ចោទនោះទេ។

គួររំលឹកថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងកាលពីពាក់កណ្តាលយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ដែលបង្កឡើងដោយជនត្រូវជាប់ចោទ ឈ្មោះអ៊ុច ឆាយ បើកបររថយន្តម៉ាក ម៊ែកសឺដេស ពណ៌ ស្ករ ពាក់ស្លាក នគរបាល ២.៧៧៣០ ក្រោមស្ថានភាពស្រវឹងជោកជាំ ទៅបុកម៉ូតូមួយគ្រឿង ម៉ាក Zoomer X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DF-2984 បណ្តាលឲ្យជនរងគ្រោះឈ្មោះ គួច សុផានិត ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅផ្ទះលេខ ២៤B ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*