BREAKING NEWS

អាចោរឆក់ដាច់ដាបគ្មានចិត្តមេត្តា៖ សូម្បីស្ត្រីលក់ត្រីក៏វាឆក់ បណ្តាលឲ្យដួលដាច់ផ្ងាររងរបួសធ្ងន់ដែរ

Spread the love

ភ្នំពេញ៖ សូម្បីតែអ្នកលក់ត្រីមានជីវភាពលំបាកស្រាប់ទៅហើយ ក៏ត្រូវបានក្រុមចោរឆក់មិនត្រាប្រណីដែរ។ ជាក់ស្តែងមានករណីឆក់កាបូបពីស្ត្រីលក់ត្រីម្នាក់ បានសម្រេចបណ្តាលឲ្យជនរងគ្រោះ ធ្លាក់ដាច់ផ្ងារពីលើរ៉ឺម៉កដឹកត្រី បោកក្បាលនឹងថ្នល់រងរបួសយ៉ាងធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១៖១០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខហាងលក់បាយសុខហុក ផ្លូវ១០១៩(ហាណូយ) ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ប៉ុល សារ៉ាម អាយុ៤៥ឆ្នាំ មុខរបរលក់ត្រី រស់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ មានស្រុកកំណើតភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់បានចេញពីផ្ទះគោលបំណងទៅយកត្រីនៅព្រែកព្នៅ ដោយជិះម៉ូតូអូសរ៉ឺម៉ក ធ្វើដំណើរតាមផ្លូវខាងលើក្នុងទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូធន់ធំ ម៉ាកឌូក មកពីក្រោយឆក់យកកាបូបលុយ ដែលគាត់ក្រវ៉ាត់ជាប់នឹងចង្កេះ បណ្តាលឲ្យធ្លាក់ពីលើរ៉ឺម៉កផ្ងាកក្រោយរងរបួសធ្ងន់។

ជនរងគ្រោះ បានឲ្យដឹងទៀតថា បន្ទាប់ពីជនសង្ស័យឆក់បានកាបូបហើយ ក៏បានជិះគេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះ ក៏បានបញ្ជាក់ដែរថា នៅក្នុងកាបូបរបស់គាត់ មានលុយជិត២លានរៀល៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*