ខេត្តឧត្តរមានជ័យ៖ លោក យូ ហេង ប្រធានសាខា គយ និងរដ្ឋាករ ខេត្តឧត្តរមានជ័យ និងលោកគួន សុភាព ប្រធានសាខាគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិអូស្មាច់ និង លោក ហួរ តារារឹទ្ធ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិ អូស្មាច់ បានទទួលរងការចោទថា បាននិងកំពុងតែតែប្រព្រឹត្ត អំពើពុករលួយធ្ងន់ធ្ងរ ដោយស្ថាប័នទាំងបី បានឃុបឃិតត្រូវរ៉ូវគ្នាបើកចំហរឲ្យមានការនាំចូលនូវទំនិញគេចពន្ធជាច្រើនប្រភេទ មកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិអូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
ជាក់ស្ដែងនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់រថយន្ដម៉ាក យីឌុបចំនួនបីគ្រឿង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៦៨ក្នុងភូមិគីរីវន្ដ័ សង្កាត់កូនគ្រាល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលសមត្ថកិច្ចបានអះអាងថា សុទ្ធសឹតែជាទំនិញគេចពន្ធប្រមាណជិតមួយរយតោន បានដឹកជញ្ជូនចេញពីច្រកអន្តរជាតិអូស្មាច់ ឆ្ពោះទៅទីក្រុងភ្នុំពេញ ។
ប្រភពបានបង្ហើបថា រថយន្ដទាំងបីគ្រឿង ខាងបានដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកទ្វារអន្តរជាតិអូស្មាច់ ជាយូរឆ្នាំមកហើយ បានបង្កប់នូវទំនិញគេចពន្ធជាច្រើនប្រភេទ ដូចជាប្រេងម៉ាស៊ីន ទូរសព្ទ័ដៃទំនើប និងគ្រឿងអេឡិចត្រូនិចជាច្រើនប្រភេទទៀត ដែលមានទីតាំងសម្រាប់សាងទំនិញដ៏ធំមួយនៅក្បែរច្រកទ្វារអន្តរជាតិអូស្មាច់នោះតែម្ដង ។
សមត្ថកិច្ចបានបន្តថា ក្រោយពីបានបង្ក្រាបទៅលើរថយន្ដយីឌុប ដឹកទំនិញគេចពន្ធទាំងបីគ្រឿងខាងលើ បានរកឃើញនូវស្លាកលេខរថយន្ដក្លែងក្លាយ ដោយក្នុងរថយន្ដមួយគ្រឿង មានស្លាកលេខក្លែងក្លាយរហូត ដល់ទៅពីរសម្រាប់ប្ដូរផ្លាស់នៅពេលដែលកំពុងចរាចរណ៍នៅតាមដងផ្លូវ ។
ក្រោយពីឃាត់រថយន្ដទុកបានរយៈពេលជាងពីរម៉ោង ស្រាប់តែលិចមុខឧត្ដមសេនីយ៍មួយរូប ចេញមុខអន្តរាគមន៍ ទើបធ្វើឲ្យសមត្ថកិច្ចមិនហ៊ានបង្ក្រាបទៅលើរថយន្ដដឹកទំនិញគេចពន្ធទាំងនោះ ពីព្រោះគេមានអំណាចធំប៉ុនមហាមេឃ នៅខេត្តឧត្ដរមានជ័យនេះ ។
ទោះជាយ៉ាងណាជុំវិញករណីខាងលើនេះដែរ លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ បានបំភ្លឺថា មិនមានទំនិញគេចពន្ធនោះទេ សុទ្ធតែមានពន្ធទាំងអស់ ដោយនៅល្ងាចនោះ មានព្រះរាជអាជ្ញារងម្នាក់បានឃាត់សួរនាំរួចក៏ឲ្យទៅវិញបាត់ហើយ ។
តែមហាជនបានសង្ស័យថា នេះជាលក្ខណៈឃុបឃិតគ្នាជាប្រព័ន្ធច្រើនឆ្នាំមកហើយដែលបានធ្វើឲ្យមេគយខាងលើរស់នៅលើគំនរប្រាក់ បានមកពីទំនិញគេចពន្ធ សោយសុខទាំងគ្រួរសារយ៉ាងសុខស្រួល ៕
ប្រភពអត្ថបទ៖ នគរវត្ត
Be the first to comment